ព័ត៌មានជាតិ

ក្រសួងការងារ ថ្លែងអំណរគុណសប្បុរសជន ដែលបានចូលរួមផ្តល់អំណោយ ឧបត្ថម្ភតាមរយៈក្រសួង ដើម្បីយកទៅផ្តល់ ជូនដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានចូលរួមផ្តល់អំណោយ ឧបត្ថម្ភជាជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាដើម តាមរយៈក្រសួង ដើម្បីយកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។

យោងតាមលិខិតថ្លែងអំណរ គុណរបស់ក្រសួងការងារ នៅថ្ងៃទី១៧ ខែធ្នូនេះ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហេង សួរ បានសរសេរថា តាងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» របស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា​លោក លោកស្រី សប្បុរសជន ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករ និយោជិតទាំងអស់ ដែលបានចូលរួមផ្តល់អំណោយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្លៀកបំពាក់ ភួយ តង់ ថ្នាំពេទ្យ ស្បៀង គ្រឿងទេស គ្រឿងឧបភោគបរិភោគ និង សម្ភារជាច្រើនទៀត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងបន្តរង់ចាំទទួលអំណោយ បន្ថែមទៀតនៅទីស្តីការក្រសួង ដើម្បីយកទៅផ្តល់ ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធតតាំងការពារទឹកដី ពីការរំលោភឈ្លានពាន យ៉ាងកម្រោល ឃោរឃៅពីសំណាក់យោធាថៃ និងជនភៀសសឹក ដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនា ជម្លៀសខ្លួនមកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ដែលរហូតមកដល់ពេលនេះ ជនភៀសសឹកមានចំនួនសរុប ១៣១,៦៧២គ្រួសារ ស្មើនឹង ៤៣៨,៩៥៣នាក់ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

លិខិតថ្លែងអំណរគុណ របស់ក្រសួងការងារ បានសរសេរបន្តថា ទឹកចិត្តដែលបានចូលរួមចំណែក នាគ្រាដ៏លំបាកនេះ ពិតជាបានឆ្លុះបញ្ចាំង ពីកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ដែលជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាសក្ខីភាពនៃការគោរពស្រឡាញ់ ចែករំលែកក្តីអាណិត ចំពោះការលំបាកខ្វះខាត ដែលជាវប្បធម៌ ដ៏ល្អរបស់ជនជាតិខ្មែរ ព្រមទាំងជាការបង្ហាញពីការគោរព ស្រឡាញ់ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ របស់វីរកងទ័ពដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុតស៊ូប្តូរផ្តាច់ប្រយុទ្ធប្រឆាំង នឹងការទន្ទ្រានឈ្លានពានទឹកដីពីសំណាក់យោធាថៃ ការពារសេចក្តីសុខ របស់ប្រជាពលរដ្ឋរស់នៅសមរភូមិក្រោយ និងធានាភាពរឹងមាំ នៃខឿនការពារជាតិ មាតុភូមិរបស់យើង រួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ «ខ្មែរសាមគ្គី ខ្មែរខ្លាំង» ប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ហើយក៏សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាឱ្យរួចផុតពីគ្រោះថ្នាក់ទាំងពួង និងសូមមានសុវត្ថិភាព និងសេចក្តីសុខ ជ័យជម្នះគ្រប់សមរភូមិជូនជាតិ និងមាតុភូមិជាទីស្រឡាញ់របស់យើង៕

To Top