ក្រុម Arena of Valor របស់ប្រទេសថៃ ត្រូវបណ្តេញចេញពីការប្រកួត បន្ទាប់ពីរកឃើញប្រើល្បិចបោកប្រាស់ ពេលប្រកួតជាមួយ វៀតណាមលើវិញ្ញាសារ Esports
បរទេស ៖ ប្រទេសថៃ បានដកក្រុមកីឡាការិនី Arena of Valor ចេញពីការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣៣ បន្ទាប់ពីកីឡាការិនីម្នាក់ ត្រូវបានបណ្តេញចេញ ដោយសារតែបានប្រើល្បិចបោកប្រាស់ ដែលជាទង្វើ ដែលធ្វើអោយមិត្តរួមក្រុម ស្រឡាំងកាំង និងបាក់មុខលើការប្រកួត របស់ប្រទេសម្ចាស់ផ្ទះ ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សហព័ន្ធកីឡា Esports របស់ប្រទេសថៃ បាននិយាយថា ក្រុមកីឡា ROV ជាតិនារី បានដកខ្លួនចេញពីការប្រកួត បន្ទាប់ពីការដកសិទ្ធិរបស់កីឡាការិនី Naphat Warasin ដែលស្គាល់ដោយឈ្មោះហ្គេម “Tokyogurl” ដែលត្រូវបានរកឃើញថា បានបំពានច្បាប់នៃការប្រកួត ក្នុងអំឡុងពេលប្រកួតកាលពីថ្ងៃទី១៥ ខែធ្នូ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាននិយាយថា Warasin ត្រូវបានបណ្តេញចេញ បន្ទាប់ពីមន្ត្រីបានកំណត់ថានាងប្រើកម្មវិធី software ភាគីទីបីដោយគ្មានការអនុញ្ញាត ឬផ្នែករឹងដែលបានកែប្រែ ដោយបំពានលើការណែនាំបច្ចេកទេស Esports ។
Joebert Lopez Yu ប្រតិភូ បច្ចេកទេសកីឡាស៊ីហ្គេម បានជូនដំណឹងដល់គណៈកម្មាធិការជាតិអូឡាំពិកថៃថា ភ័ស្តុតាងយ៉ាងពេញលេញ ត្រូវបានរកឃើញក្នុងអំឡុងពេលការប្រកួត ក្រុមនារីរវាងថៃ និងវៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រនៃអ្នកឈ្នះ។
ប្រែសម្រួលៈ ណៃ តុលា
