ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ថៃបង្កើតសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីបង្វែរការចាប់អារម្មណ៍ លើវិបត្តិផ្ទៃក្នុងខ្លួន

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបង្កើតសង្គ្រាមជាមួយកម្ពុជា ជាលើកទី២ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុង ដ៏ជ្រៀលជ្រៅរបស់ខ្លួនប៉ុណ្ណោះ ។

លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា យោធាថៃបានបន្តការឈ្លានពាន យ៉ាងគឃ្លើន មកលើទឹកដីកម្ពុជា មកដល់ថ្ងៃទី១៧ ខែធ្នូ នេះ ជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។

លោកបន្តថា ពួកគេមិនត្រឹមតែបើកការវាយប្រហារ មកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យ និងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅថែមទៀតផង ។

រដ្ឋមន្រ្តីបន្ថែមថា ភាគីថៃ បានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោក បានដឹងយ៉ាងច្បាស់ថា ថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា ដើម្បីបង្កើតសង្គ្រាមឈ្លានពាន ក្នុងបំណងបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅ របស់ខ្លួនប៉ុណ្ណោះ ។

ចំពោះសកម្មភាពយោធារបស់ថៃមកលើកម្ពុជានេះ ត្រូវបានលោក នេត្រ ភក្ត្រា អះអាងថា មិនមែនជាការប្រើប្រាស់ សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃដែលបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ ប៉ុន្តែជាការឈ្លានពានលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ មកលើជាតិនិងប្រជាជនកម្ពុជា៕

To Top