ក្រសួងការពារជាតិ ៖ វីរកងទ័ព និងវីរនគរបាលកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ និងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំង ជាមួយសត្រូវឈ្លានពាន នៅគ្រប់សមរភូមិទាំងអស់ ។
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារ មុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែង ដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។
លោកស្រី គូសបញ្ជាក់ផងដែរថា «គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា»។
លោកស្រី អ្នកនាំពាក្យ បន្ដថា «យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ»។
លោកស្រី អ្នកនាំពាក្យក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់កម្ពុជាដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕
