កម្ពុជាបញ្ជាក់ម្តងទៀតថា គោលដៅការពារខ្លួនកម្ពុជា ផ្តោតតែគោលដៅយោធាថៃប៉ុណ្ណោះ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការវាយប្រហាររបស់ទ័ពកម្ពុជា ផ្តោតលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ មានតែភាគីថៃទេដែលបានធ្វើការវាយប្រហារលើទីតាំងជនស៊ីវិលដោយបានធ្វើពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន ១៧នាក់ (ទារក១នាក់) និងរបួសចំនួន៧៧នាក់ គិតត្រឹមថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។
អ្នកនាំពាក្យឱ្យដឹងទៀតថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ របស់ប្រទេសថៃ រួមមាន ៖ ការប្រើប្រាស់យន្តហោះចម្បាំង F-16 , រថយន្តបាញ់រ៉ុកែត DTI-2 , ដ្រូនទម្លាក់គ្រាប់បែក , គ្រាប់បែកចង្កោម , ផ្សែងពុល និងការដាក់ពង្រាយទាហាន ដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ។ លោកជំទាវចាត់ទុកទង្វើទាំងអស់នេះ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
លោកស្រីអះអាងថា សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ ៕
