ព័ត៌មានអន្តរជាតិ

​ ហេតុអ្វីបាន ជាកិច្ចព្រមព្រៀងសន្តិភាព លើអ៊ុយក្រែន​ នៅតែស្ថិតនៅឆ្ងាយ​ បន្ទាប់ពីការចរចានៅទីក្រុងប៊ែរឡាំង?

ប៊ែរឡាំង៖​ ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ​ ហ្សេឡនស្គី​ បានបញ្ចប់ការចរចាដ៏វែងឆ្ងាយ ជាមួយលោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់​ ត្រាំ​ និងលោក Jared Kushner កូនប្រសាររបស់លោក ត្រាំ នៅទីក្រុងប៊ែរឡាំង ដោយពណ៌នាអំពីការចរចានេះថា “មានផលិតភាព”។

ការចរចានេះ ដែលក៏បាននាំមេដឹកនាំអឺរ៉ុបជាច្រើនមកជួបជុំគ្នា បានគូសបញ្ជាក់ពីទស្សនៈរួមមួយថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតគួរតែត្រូវបានបន្ត​ ដើម្បីបញ្ចប់ជម្លោះ ។ យ៉ាងណាក៏ដោយ ក្រៅពីសុទិដ្ឋិនិយមជាផ្លូវការ ឧបសគ្គនៅតែបន្ត។ ការធានាសន្តិសុខត្រូវបានព្រាងឡើង ខណៈដែលជម្លោះទឹកដី នៅតែមិនទាន់ដោះស្រាយ។

តើមានឧបសគ្គអ្វីខ្លះ?​ ជម្លោះទឹកដីនៅតែជាចំណុចដែលពិបាកដោះស្រាយបំផុត ក្នុងការចរចា។ យ៉ាងណាក៏ដោយ វានៅតែមិនទាន់ដោះស្រាយបាន បន្ទាប់ពីការចរចាដ៏លំបាកជាច្រើនម៉ោង ដែលបានចាប់ផ្តើមកាលពីប៉ុន្មានខែមុន ។

កាសែតអាល្លឺម៉ង់ Die Welt បានរាយការណ៍ថា អ្នកចរចាអាមេរិកកំពុងដាក់សម្ពាធលើអ៊ុយក្រែន ឱ្យបោះបង់ចោលតំបន់ដុនបាស ជាផ្នែកមួយនៃការដោះស្រាយជម្លោះ ។

នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា តើសហរដ្ឋអាមេរិកកំពុងទាមទារឱ្យអ៊ុយក្រែន ដកខ្លួនចេញពីទឹកដីដែលខ្លួនគ្រប់គ្រងឬអត់ លោក ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅតែមានជំហរខុសគ្នាលើបញ្ហាទឹកដី។

មុនកិច្ចប្រជុំថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានសម្តែងការបដិសេធផែនការ​ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្កើត “តំបន់សេដ្ឋកិច្ចសេរី” នៅក្នុងតំបន់ខ្លះនៃតំបន់ដុនបាស ភាគខាងកើត ដោយថាវាមិនយុត្តិធម៌ដោយសារតែខ្វះភាពច្បាស់លាស់ លើការគ្រប់គ្រង។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខច្បាស់លាស់ មុនពេលធ្វើការសម្រេចចិត្តនៅជួរមុខ ។

លោក ហ្សេឡនស្គី បានប្រាប់អ្នកយកព័ត៌មាន មុនពេលជួបជាមួយបេសកជនអាមេរិកថា “តាមទស្សនៈរបស់ខ្ញុំ រឿងសំខាន់បំផុតគឺថាផែនការនេះ ត្រូវតែយុត្តិធម៌តាម ដែលអាចធ្វើទៅបាន​ ផែនការនេះពិតជាមិនគួរគ្រាន់តែជាក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែជាជំហានដ៏មានអត្ថន័យឆ្ពោះ ទៅរកការបញ្ចប់សង្គ្រាម”៕

To Top