ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានអឺរ៉ុប ប្រឆាំងទៅនឹងការព្យាយាម ទាញយកប្រយោជន៍ ពីទ្រព្យបង្កករបស់ប្រទេសរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអះអាងថា សហរដ្ឋអាមេរិកបានប្រាប់ EU មិនត្រូវប៉ះពាល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះឡើយ ព្រោះថាការទទួលយកមូលនិធិណាមួយ អាចបំផ្លាញកិច្ចចរចាជាមួយទីក្រុងម៉ូស្គូ ក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន។

បន្ទាប់ពីការផ្ទុះឡើង នៃអរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ បានបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាព រុស្ស៊ីប្រហែល ជាង៣០០ ពាន់លានដុល្លារ ដែលក្នុងនោះ២៤៦ពាន់លានដុល្លារត្រូវបានរារាំង ដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ការពិភាក្សាទាក់ទងនឹងទ្រព្យ សម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងបានកាន់តែខ្លាំងនៅក្នុងប្លុកនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើឱ្យប្រើប្រាស់មូលនិធិដើម្បីគាំទ្រ ប្រាក់កម្ចីសំណងដល់អ៊ុយក្រែន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងអ្នកចរចាអ៊ុយក្រែន និងអាមេរិកនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ លោក Tusk បាននិយាយថា មានភាពខុសគ្នា ច្បាស់ណាស់ នៃមតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែល លើបញ្ហានៃមូលនិធិរុស្ស៊ីដែលបានបង្កក។

គួរឲ្យដឹងដែរថាកាល​ពី​សប្តាហ៍​មុន រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​ដើម្បី​រក្សា​មូលនិធិ​អធិបតេយ្យភាព​រុស្ស៊ី​ឲ្យ​ជាប់គាំង​ជា​បណ្ដោះអាសន្ន។ ភាពជាអ្នកដឹកនាំរបស់ប្លុកនេះត្រូវតែអំពាវនាវឱ្យមានអំណាចក្នុងគ្រាអាសន្ន ដើម្បីយកឈ្នះលើក្រុមប្រឆាំងនៃរដ្ឋជាសមាជិក រួមមានហុងគ្រី និងស្លូវ៉ាគី៕

ប្រែសម្រួល៖ស៊ុនលី

To Top