យុវជន១ក្រុម បង្កើតមូលនិធិបេះដូងតែមួយ ដើម្បីជួយដល់វីរកងទ័ព និងបងប្អូនជនភៀសសឹក
ភ្នំពេញ ៖ យុវជនមួយក្រុមបានលះបង់ ពេលវេលាផ្ទាល់ខ្លួនងាក មកខ្វល់ខ្វាយរឿង ប្រទេសជាតិ ដោយបង្កើត “មូលនិធិបេះដូងតែមួយ One Heart Team (OHT) ” ដើម្បីទទួលរៀបចំជំនួយសប្បុរសធម៌ របស់មហាជនខ្មែពីគ្រប់ទិសទី ដែលមានទឹកចិត្ត និងស្មារតីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនវីរកងទ័ព ក៏ដូចជាស្មារតីអាណិតស្រឡាញ់ ចំពោះបងប្អូនជនភៀសសឹក កំពុងតែជួបកាលំបាក ដោយសារសង្គ្រាមឈ្លានពាន របស់ថៃមកលើកម្ពុជា។

យុវតី ហេង វឌ្ឍនា ស្ថាបនិកមូលនិធិបេះដូងតែមួយ បានប្រាប់ថា មានកត្តាធំៗ២ ដែលជំរុញឱ្យយុវតី មានការឈឺចាប់ក្នុងចិត្ត អត់ទ្រាំមិនបាន ក៏សម្រេចចិត្តបង្កើតជា មូលនិធិបេះដូងតែមួយនេះឡើង ក្នុងស្មារតីខ្មែរតែមួយ ដើម្បីប្រមូលគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់គ្រប់យ៉ាង ព្រមទាំងថវិកា យកទៅជួយដល់បងប្អូនជនភៀសសឹក និងវីរកងទ័ព នោះគឺ នៅពេលយុវតី បានឃើញបងប្អូនវីរកងទ័ពលះបង់ជីវិតដើម្បីជាតិ ហើយបងប្អូនជនរួមជាតិខ្មែរ ត្រូវរត់ចេញពីផ្ទះសម្បែងរងទុក្ខលំបាកវេទនា។

យុវតី ហេង វឌ្ឍនា និយាយថា៖ «កត្តាធំ២គឺជនភៀសសឹក ហើយនិងកងទ័ព ជាពិសេស គឺពេលឃើញពួកគាត់ ត្រូវរត់ចេញពីផ្ទះ ហើយកងទ័ពយើងត្រូវលះបងជីវិតដើម្បីជាតិរបស់យើង ឃើញអ៊ីចឹងពិតជាឈឺក្នុងចិត្ត ចឹងបានវាជំរុញឱ្យខ្ញុំចាប់ផ្តើមបង្កើត មូលនិធិបេះដូងតែមួយ ដើម្បីឱ្យពួកគាត់ បានឃើញជំនួយ ហើយគិតថា ពួកយើងមិនរត់ចោលគាត់ទេ ពួកយើងនៅតែចាំជួយគាត់រហូត»។

បើតាមយុវតី ហេង វឌ្ឍនា គិតត្រឹមថ្ងៃទី១៧ ខែធ្នូនេះ មូលនិធិទើបចាប់ផ្តើម ទទួលជំនួយបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល៣ថ្ងៃកន្លងមក ក្រុមការងារយុវជនខ្មែរតែមួយ បេះដូងតែមួយ ប្រមូលបានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចំនួន ៧រថយន្តធំៗ ដោយវេចខ្ចប់បានរាប់ពាន់ឃីត ដឹកយកទៅជួយដល់បងប្អូនជនភៀសសឹក និងបងប្អូនវីរកងទ័ព។

លោកស្រី ហៀក ច័ន្ទណារី គ្រូបង្រៀន នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស (NTTI) បានដឹកនាំក្រុមយុវជន ស្ម័គ្រចិត្ត ដើម្បីជួយរៀបចំសម្ភារៈប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន សម្រាប់យកទៅឧបត្ថម្ភ ជូនដល់បងប្អូន ជនភៀសសឹក និងវីរកងទ័ពជួរមុខ តាមរយៈមូលនិធិបេះដូងតែមួយ ។ ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់យុវជន និងបងប្អូនជនរួមជាតិទំាងអស់ សូមឆ្លៀត ពេលវេលាមកចូលរួមជួយរៀបចំសម្ភារៈ ឬអាចចូលរួមផ្តល់គ្រឿង សម្ភារៈប្រើប្រាស់តាម ដែលអាចធ្វើទៅបាន។

អ្នកស្រីថ្លែងថា៖«ក្នុងគ្រាអាសន្ននេះ កម្លាំងពលកម្ម ឬក៏កម្លាំងថវិកា និងសម្ភារៈទាំងអស់ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់បងប្អូនខ្មែរយើងទាំងអស់គ្នា សូមកុំប្រកាន់បក្ខពួក ខាងនេះខាងនោះអី គឺយើងជាខ្មែរតែមួយ បេះដូងតែមួយ មានកម្លាំងជួយកម្លាំង មានសម្ភារៈជួយសម្ភារ មានថវិកាជួយថវិកា»។

លោក ប៉ិច សុខហេង យុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជួយការងារនេះ បានបង្ហាញពីការពេញចិត្ត ក្នុងការជួយរៀបចំសម្ភារៈប្រើប្រាស់សម្រាប់បងប្អូនជនភៀសសឹក និងវីរកងទ័ព។ លោកជឿជាក់ថា សកម្មភាពនេះគឺកម្លាំងចិត្ត សម្រាប់បងប្អូនកងទ័ព និងជាការជួយសម្រាល់ទុក្ខ ដល់បងប្អូនជនភៀសសឹក ដែលកំពុងរងការលំបាក។

សុខហេង និយាយថា.៖«សម្រាប់បងប្អូនវីរកងទ័ព គឺគាត់មានការលំបាកជាងយើងគុណនឹង១០០ដង ចឹងទោះជាសម្ភារៈឬឥវ៉ាន់យើងច្រើនប៉ុណ្ណាក៏ដោយ ក៏យើងធ្វើការអត់ហត់ដែរ គឺយើងធ្វើចេញពីចិត្ត ចេញពីបេះដូងពិត»។

សូមបញ្ជាក់ថា ក្រុមការងារមូលនិធិបេះដូងតែមួយ One Heart Team នៅតែបន្តទទួលជំនួយសម្ភារៈ និងថវិកាពីសាធារណជន ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក-៨យប់ នៅទីតាំងទទួលជំនួយផ្ទាល់គឺ អគារអង្គរវត្ត ក្នុងបរិវេណ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ខាងក្រោយវត្តទឹកថ្លា តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ឬ បងប្អូនអាចទំនាក់ទំនងតាមរយៈ ទូរសព្ទលេខ 017 985 877 / 066 203 689 / 097 373 8233 ៕


