ក្រសួងការងារ និងវិទ្យាស្ថានអប់រំ បច្ចេកទេស (ITE ) សិង្ហបុរី គ្រោងចុះ MoU ដើម្បីបន្តជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយ លោក Chong Leong Fatt នាយករងវិទ្យាស្ថាន អប់រំបច្ចេកទេស (ITE) និងសហការី នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Chong Leong Fatt ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ITE ។ កិច្ចសហការនេះបានផ្តល់ នូវលទ្ធផល ជាផ្លែផ្កានាពេលកន្លងមកសម្រាប់បណ្តុះបណ្តាល កសាងសមត្ថភាពជាក់ស្តែង ដល់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញ នូវការជឿជាក់ថា ជំនួបនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ITE ឱ្យកាន់តែត្រូវបានពង្រឹងនិងពង្រីក សំដៅឈានទៅសម្រេច នូវគោលដៅដែលបានដាក់ចេញបន្ថែមទៀតនាពេលខាងមុខ។

ជាការឆ្លើយតប លោក Chong Leong Fatt បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រ ដល់ការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញរបស់កម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ ។ ទន្ទឹមនឹងនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយការយកចិត្តទុកដាក់ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទកភាព ដែលបានឃើញការអភិវឌ្ឍស្ទើរ គ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងយល់ បន្ថែមអំពីបេសកកម្មអាទិភាពរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស ស្តង់ដាអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ កាន់តែពង្រឹងនិងពង្រីកថែមទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីគម្រោងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយនៅដើមឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕




