ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងរុស្សី នឹងបង្កើតក្របខ័ណ្ឌរួម ដើម្បីកំណត់ពាណិជ្ជកម្មទ្វេភាគី ឲ្យឡើងទៅដល់១០០ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតញូវដេលីប្រចាំទីក្រុងមូស្គូ បាននិយាយថា ប្រទេសឥណ្ឌា និងរុស្ស៊ីកំពុងបង្កើតក្របខ័ណ្ឌមួយ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងច្រើនជាង ៦ដងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលលើសពី៦៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមការប៉ាន់ស្មានផ្លូវការ។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី លោក Vinay Kumar បាននិយាយនៅឯកិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-ឥណ្ឌាលើកទី XVI នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារថា ៖យើងទើបតែបានយល់ព្រមរវាងប្រទេសទាំងពីរ នូវផែនការសេដ្ឋកិច្ចជាយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០៣០។

លោក Kumar បន្ថែមថា ផែនការយុទ្ធសាស្រ្ត គឺលម្អិតគ្រប់គ្រាន់ដើម្បី កំណត់វិស័យផ្សេងៗដែលយើងត្រូវធ្វើការ ហើយថែមទាំងរៀបរាប់អំពីស្ថាប័ន និងទីភ្នាក់ងារ ដែលត្រូវផ្តល់ព័ត៌មាននោះ និងធ្វើការត្រួតពិនិត្យផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ប្រទេសទាំងពីរបានកំណត់គោលដៅ ជំរុញពាណិជ្ជកម្មឱ្យដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខ។
ប្រទេសរុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សរណៈរាប់សិបដែលរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឱសថ និងវិស័យប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Vladimir Putin ទៅកាន់ទីក្រុង New Delhi កាលពីដើមខែនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top