ព័ត៌មានជាតិ

ក្រោម​ស្មារតី​មនុស្សធម៏ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ! មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកា និងសម្ភារៈមួយចំនួនទៀត​ ជូនអភិបាលខេត្តកំពង់ស្ពឺ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា និងពលរដ្ឋភៀសសឹក

កំពង់ស្ពឺ ៖ គោរព​តាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ដែលជាខឿនការពារជាតិរបស់កម្ពុជា​​ ក្រោមការចង្អុលបង្ហាញ​​តម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ នាំយកថវិកានិងនិងសម្ភារៈមួយចំនួនទៀត​ជូន​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ តាមរយៈលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។

ជាទឹកចិត្តក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនបានរួមចំណែក​ឧបត្ថម្ភ​រួមមាន៖ថវិកាចំនួន​ ៥,០០០,០០០រៀល​​​​​​​(៥លានរៀល)និងសម្ភារៈមួយចំនួនទៀត​ដូចជា​ ទឹកសុទ្ធ១០០កេស, មីចំនួន១០០កេសនិងទឹកត្រីចំនួន ៥០យួរ និងទឹកសុីអុីវ៥០យួរ ផងដែរ។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា​​​ និងបានបង្ហាញ ឱ្យឃើញនូវកម្លាំងដ៏រឹងមាំ នៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពាន ពីប្រទេសជិតខាង ។ សកម្មភាពទាំងនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិ ជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្ម យ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។​

To Top