ព័ត៌មានជាតិ

តាមរយៈព័ត៌មានអន្តរជាតិ កម្ពុជានាំសំឡេង ​ប្រាប់ពិភពលោកថា ថៃវាយប្រហារកម្ពុជាមុន

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តាមរយៈបណ្តាញសារព័ត៌មានអន្តរជាតិ កម្ពុជាបាននាំសំឡេង របស់ខ្លួនប្រាប់ពិភពលោកថា គឺក្រុមយោធាថៃ បានបើកការវាយប្រហារ មកលើកម្ពុជាមុន ដោយមិនរើសគោលដៅ ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា តាមរយៈសារព័ត៌មាន CNN, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថា យោធាថៃ បានបើកការវាយប្រហារ មកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកបន្តថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោល នូវការចោទប្រកាន់និងការមួលបង្កាច់បង្កហេតុទាំងឡាយ ដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអះអាងថា ពិភពលោកបានធ្វើការថ្លឹងថ្លែង នូវអ្វីដែលបានកើតឡើងនៅលើផ្ទៃដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ ។

លោកនេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បានខិតខំប្រឹងប្រែងក្នុងការបង្ហាញ ការពិតទៅដល់ពិភពលោក អំពីការរំលោភបំពានរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រ ក្នុងការវាយប្រហារឈ្លានពានកម្ពុជា។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១២ហើយ ដែលយោធាថៃ បានធ្វើសកម្មភាព ឈ្លានពានកម្ពុជា យ៉ាងធ្ងន់ធ្ងរ ដោយបណ្តាលឲ្យបាត់បង់ជីវិតពលរដ្ឋកើនឡើង រហូតដល់ចំនួន១៧នាក់ ក្នុងនោះមានទារក១នាក់ផងដែរ និងជនស្លូតត្រង់ចំនួន ៧៧នាក់បានរងរបួស៕

To Top