លោកស្រី ម៉ាលី សុជាតា ៖ យោធាថៃ នៅតែបន្តប្រើសព្វាវុធ ធុនធ្ងន់គ្រប់ប្រភេទ លើកម្ពុជា
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃនៅតែបន្តគឃ្លើនបំពាន ប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មកលើកម្ពុជា រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីបើកការវាយប្រហារ លើកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជម្លោះកម្ពុជា-ថៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ គ្រប់ប្រភេទក្នុងកំឡុង ពេលប្រតិបត្តិការឈ្លានពាន មកលើកម្ពុជាជាង១០ ថ្ងៃកន្លងមកនេះ ។
លោកស្រីបញ្ជាក់ថា “សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃ បានប្រើប្រាស់ក្នុងកំឡុង ពេលប្រតិបត្តិការឈ្លានពានកម្ពុជា តាំងពីម្សិលមិញថ្ងៃទី១៨ ធ្នូ ចាប់តាំងពីវេលាម៉ោង៤និង៤៥ទៀបភ្លឺមក” ។
លោកស្រីរៀបរាប់ថា សព្វាវុធធុនធ្ងន់ទាំងនោះរួមមាន ៖ កាំភ្លើង DK , កាំភ្លើង១០០មម បំពាក់លើរថក្រោះ និងកាំភ្លើងគាំទ្រគ្រប់ប្រភេទ រួមទាំងដ្រូនបាញ់ផ្សែងពុល ដ្រូនទំលាក់ភ្លើង ដ្រូនអត្តឃាត និងដ្រូនបំពាក់លើកាំភ្លើង និងរថក្រោះជាដើម ។
អ្នកនាំពាក្យការពារជាតិ បន្តទៀតថា មកដល់ព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១៨ ធ្នូនេះ យោធាថៃ បានចាប់ផ្តើមបាញ់ ផ្លោងចូលក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ និងរាលដាលបាញ់មកលើ ភូមិសាស្រ្តប្រាសាទព្រះវិហារ ៥មករា ចំការចេក ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះ ។
ចំពោះការបំពានរបស់យោធាថៃនេះ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់ របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវ ទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់៕
