ពលករទេសន្តរប្រវេសន៍ ជាធនធានដ៏សំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម
ភ្នំពេញ ៖ ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេង នៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា “វីរបុរស (Hero)” សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍ របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្ដល់តម្លៃដល់ពលករ ទេសន្តរប្រវេសន៍ និងគាំទ្រដល់ការវិលត្រឡប់ និងសមាហរណកម្មដោយជោគជ័យ» នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសហការជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងសហភាពអឺរ៉ុប (EU) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហជីព សមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិជាដៃគូ និងអតីតពលករទេសន្តរប្រវេសន៍ សរុបប្រមាណ ២០០នាក់ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាការរំលឹកឡើងវិញ អំពីសារសំខាន់ក្នុងការបន្តលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងអត្ថប្រយោជន៍គាំពារសង្គមជូនដល់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការធ្វើឱ្យតួអង្គសំខាន់ទាំង៥ (ពលករទេសន្តរប្រវេសន៍ផ្ទាល់, ក្រុមគ្រួសាររបស់ពលករទេសន្តរប្រវេសន៍, និយោជកនៃប្រទេសទទួល, ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសបញ្ជូននិងប្រទេសទទួល និងរដ្ឋាភិបាលនៃប្រទេសបញ្ជូននិងប្រទេសទទួល) នៃយន្តការទេសន្តរប្រវេសន៍ការងារមានភាពរីករាយនិងសប្បាយចិត្ត។

ការធ្វើទេសន្តរប្រវេសន៍ការងារត្រូវតែមានសុវត្ថិភាព ដែលនេះជាការងារអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹង អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដោយផ្តោតទាំងការផ្សព្វផ្សាយអំពីនីតិវិធីក្នុងការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ ការពង្រឹងយន្តការអធិការកិច្ចទីភ្នាក់ងារជ្រើសរើសឯកជន ការសម្រួលបន្ទុកចំណាយលើកម្រៃសេវាបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ការគាំពារនិងអន្តរាគមន៍ របស់អនុព័ន្ធការងារ ជូនពលករទេសន្តរប្រវេសន៍នៅប្រទេសទទួល និងយន្តការនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម របស់បងប្អូនពលករទេសន្តរប្រវេសន៍។

នាឱកាសនេះ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវខកចិត្តចំពោះកិច្ចអន្តរាគមន៍ របស់រដ្ឋាភិបាលប្រទេសថៃ ដែលមិនបានផ្តល់ការឆ្លើយតប និងគាំពារពេញលេញដល់ពលករខ្មែរ ពីអំពើហិង្សានិងការបំពានលើរូបរាងកាយ ដែលបានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធក្នុងការចូលរួមជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ជាពិសេស ការចូលរួមក្នុងការកំណត់ និងផ្សព្វផ្សាយគោលការណ៍ណែនាំក្នុង ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ៕




