ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងដាក់អាណានិគម លើវេណេហ្ស៊ុយអេឡា
បរទេស៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងបង្វែរប្រទេសវេណេហ្ស៊ុយអេឡា ទៅជាអាណានិគម ដោយលោកបានច្រានចោលការគំរាមកំហែង និងការបិទផ្លូវប្រេងនាពេលថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោនថាជា “ការទូតនៃភាពព្រៃផ្សៃ”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក Maduro បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមដាក់ “រដ្ឋាភិបាលអាយ៉ង” នៅទីក្រុង ការ៉ាកាស ដែល “នឹងមិនមានរយៈពេលសូម្បីតែ ៤៧ ម៉ោង” ។ លោកបានពណ៌នាយុទ្ធនាការ ដាក់សម្ពាធដែលធ្វើឡើងដោយប្រធានាធិបតី Donald Trump ថាជា “ការក្តៅក្រហាយ” និងមានគោលបំណងដណ្តើម យករដ្ឋធម្មនុញ្ញ បូរណភាព និងទ្រព្យសម្បត្តិធម្មជាតិរបស់វេណេស៊ុយអេឡា។
លោក Maduro បាននិយាយថា “ពួកគេចង់បានការផ្លាស់ប្តូររបបនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីដាក់រដ្ឋាភិបាលអាយ៉ង ដែលនឹងប្រគល់រដ្ឋធម្មនុញ្ញ អធិបតេយ្យភាព និងទ្រព្យសម្បត្តិរបស់យើងទាំងអស់ ហើយប្រែក្លាយប្រទេសទៅជាអាណានិគម”។ យ៉ាងណាក៏ដោយលោកថា ការប៉ុនប៉ងនេះ “វានឹងមិនកើតឡើង និង មិនដែលឡើយ” ។
ការកត់សម្គាល់របស់លោក Maduro ធ្វើឡើងតាមសេចក្តីប្រកាសរបស់លោក Trump អំពីការបិទផ្លូវលើនាវាដឹកប្រេង “ដាក់ទណ្ឌកម្ម” ដែលដឹកប្រេងឆៅនៅវេណេស៊ុយអេឡា ។ លោក Trump បានចាត់ទុករដ្ឋាភិបាលក្នុងទីក្រុងការ៉ាកាសថាជា “អង្គការភេរវជនបរទេស” ហើយបានចោទប្រកាន់ថា បានលួចយកប្រេងរបស់អាមេរិក និងទ្រព្យសម្បត្តិផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
