ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវ ដល់អ្នកសារព័ត៌មាន បន្តប្រយុទ្ធប្រឆាំង ព័ត៌មានក្លែង ក្លាយឱ្យខានតែបាន ពិសេសអំឡុង ពេលប្រទេសជាតិ កំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន បន្តចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែង ក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេល ដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។

តាមរយៈសារលិខិត ផ្ញើជូនវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាន នៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជាត្រូវការសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា នៅលើសកលលោក និងកសាងសន្តិភាពទាំង នៅក្នុងតំបន់និង សកលលោក ដើម្បីរក្សាអាយុជីវិតនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតី បានកោតសរសើរដោយស្មោះ និងចាត់ទុកនូវបេសកកម្មដ៏មានសារៈសំខាន់របស់អ្នកសារព័ត៌មាន ជាការរួមចំណែកយ៉ាង សកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយចីរភាព។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព សារព័ត៌មាន និងភាពជាដៃគូមិនអាចខ្វះបានជាមួយអ្នកសារព័ត៌មានក្នុង ក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ទន្ទឹមនេះ ក្នុងកាលៈទេសៈដែលយើង កំពុងដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ខ្ញុំសូមអំពាវនាវដល់បងប្អូន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន ដោយមិន ត្រូវប្រឌិតព័ត៌មាន ដើម្បីញុះញង់ នាំឱ្យកើតមាន អរិភាពជាតិសាសន៍ ឬបង្កការ យល់ច្រឡំ មកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចកា រព្រំដែន និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំ ដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែន បណ្តោះអាសន្នដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា «ក្នុងន័យនេះ សូមបងប្អូន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួម អនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិង សុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែង ក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេល ដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន»៕

To Top