UN ថ្កោលទោស ការបង្កើនអរិភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញការតក់ស្លុតពេលថៃ ប្រើយន្តហោះចម្បាំង វាយប្រហារទីតាំងវប្បធម៌
បរទេស៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើង ភាពតានតឹងនាពេលថ្មីៗនេះនៅក្នុងអរិភាព រវាងប្រទេសថៃ និងកម្ពុជា និងគ្រោះថ្នាក់ដែលបង្កឡើងដល់ជនស៊ីវិល។
យោងតាមសារព័ត៌មាន JURIST NEWS ចេញផ្សាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺលោក Volker Türk បាននិយាយថា “ខ្ញុំមានការតក់ស្លុត ចំពោះរបាយការណ៍ ដែលថាតំបន់ជុំវិញភូមិ និងកន្លែងវប្បធម៌កំពុងត្រូវបាន វាយប្រហារដោយយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ”។
នៅព្រឹកថ្ងៃនេះ កម្ពុជា បានចោទប្រកាន់ប្រទេសថៃថា បានទម្លាក់គ្រាប់បែកលើ មជ្ឈមណ្ឌលកាស៊ីណូធំមួយ នៅក្រុងប៉ោយប៉ែត ដែលជាព្រំដែនគោក ដ៏សំខាន់ រវាងប្រទេសទាំងពីរ ។ ថៃបានដាក់ចោទកម្ពុជាថា ជាអ្នកឈ្លានពាន ហើយបានអះអាងថា ពួកគេត្រូវតែចាប់ផ្តើម បទឈប់បាញ់ឯកតោភាគី។
លោក Volker Türk បានជំរុញឱ្យបញ្ចប់ ជាបន្ទាន់ចំពោះអរិភាព និងការចរចាសន្តិភាពជាថ្មី។ លោកក៏បានក្រើនរំលឹក ប្រទេសទាំងពីរ អំពីកាតព្វកិច្ច របស់ពួកគេក្រោម សន្ធិសញ្ញាអូតាវ៉ា ដែលហាមប្រាមការប្រើប្រាស់ គ្រាប់មីនក្នុង ជម្លោះប្រដាប់អាវុធ ក៏ដូចជាកាតព្វកិច្ច របស់ពួកគេក្រោមច្បាប់ មនុស្សធម៌អន្តរជាតិ ដើម្បីបែងចែកភាពខុសគ្នា រវាងអ្នកប្រយុទ្ធ និង អ្នកមិនប្រយុទ្ធ ។ ការវាយប្រហារ តាមអាកាស ជាច្រើនបានកំណត់គោលដៅ ទៅលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិល ដែលត្រូវបានហាមឃាត់យ៉ាង តឹងរ៉ឹងក្រោមច្បាប់ និងបទដ្ឋានអន្តរជាតិជាច្រើន។
ការប៉ះទង្គិចគ្នាបានកើត ចេញពីជម្លោះព្រំដែន ដែលមាន អាយុកាលជិតមួយ សតវត្សរ៍ទាក់ទងនឹងអ្នកណា ជាម្ចាស់ប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចថាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ 1962 និង 2013 ។ អរិភាពបានផ្ទុះឡើងកាលពីខែកក្កដា នៅពេលដែលគ្រាប់មីនមួយ គ្រាប់បានធ្វើឱ្យទាហានថៃរងរបួស ហើយភាគីទាំងពីរបាន ឆ្លើយតបដោយការវាយប្រហារ តាមអាកាស និងការវាយឆ្មក់លើដី ដោយបានសម្លាប់មនុស្ស ៣៥ ពាន់នាក់ ។ ភាគីទាំងពីរបានអះអាងថា នឹងធ្វើសកម្មភាពការពារខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
