សាស្រ្តាចារ្យ ឈាង រ៉ា ៖ ប្រព័ន្ធសុខាភិបាល សង្រ្គោះព្យាបាល គ្រប់វីរកងទ័ព
ភ្នំពេញ ៖ ក្នុងឱកាសបន្តអញ្ជើញ ចុះសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាល ទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ពកម្ពុជា ។

ក្នុងពិធីនោះ សាស្រ្តាចារ្យ បានឆ្លៀតពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ជូនពរជ័យពីសាធារណជន ក្រុមគ្រួសារអ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ ដល់គ្រប់វីរយុទ្ធជនទាំងកំពុង ទទួលការថែទាំព្យាបាល ទាំងកំពុងឈរជើងជួរមុខ។

រដ្ឋមន្ត្រីបានពាំនាំជាពិសេសនូវពរសព្ទសាធុការរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់វីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលគ្រប់ៗរូប ឆាប់ជាសះស្បើយ៕










