ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ផែនការអភិវឌ្ឍន៍ធនធាន មនុស្សសុខាភិបាល ប្រៀបដូចបេះដូងសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ផែនការអភិវឌ្ឍន៍ធនធានមនុស្ស សុខាភិបាល ប្រៀបដូចបេះដូងសុខាភិបាល ដែលជាសសរស្តម្ភ ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនកាអភិវឌ្ឍន៍ ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤នៅថ្ងៃ១៨ ធ្នូ សាស្ត្រាចារ្យ ឈាង រ៉ា បានរំលេចថា ផែនការអភិវឌ្ឍន៍ ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ នេះ មានចក្ខុវិស័យច្បាស់លាស់ លើ «ធនធានមនុស្សសុខាភិបាល សមស្រប សម្រាប់អនាគត ដើម្បីធានាការរស់នៅ ប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសុខុមាលភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប» និងមានគោលបំណង ឈានដល់ការសម្រេចឱ្យបាននូវ «ប្រព័ន្ធសុខាភិបាលមានធនធានមនុស្សគ្រប់គ្រាន់ មានជំនាញចម្រុះ ទឹកចិត្តមុះមុត អនុវត្តតាមនិយ័តកម្មត្រឹមត្រូវ និងដោយសមធម៌ ដើម្បីផ្តល់ការថែទាំ ប្រកបដោយគុណភាព និងក្រមសីលធម៌ ដោយផ្តោតលើប្រជាជនជាស្នូល»។

លោករដ្ឋមន្រ្តីបន្តថា ផែនការនេះ នឹងការបង្កើនវឌ្ឍនភាព និងពន្លឿនដំណើរការ ប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ ជាមួយបុគ្គលិកសុខាភិបាល ដែលមានការបណ្តុះ បណ្តាលសមស្រប ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការផ្តល់សិទ្ធិសម្រេច ក្នុងការបម្រើសេវាសុខភាពគ្រប់ជ្រុងជ្រោយ ដែលប្រជាជនត្រូវការ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យ និងផែនការនេះ ត្រូវដាក់ចេញនូវសកម្មភាព និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីពង្រឹងនិយ័តកម្ម និងអភិបាលកិច្ចធនធានមនុស្សសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនៈទានថា ផែនការ អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការសម្រាប់អនាគត ដែលឆ្លើយតបទៅនឹងការពង្រឹងសមត្ថភាពធនធាន មនុស្សសុខាភិបាល និងតម្រូវការវិវត្តនៃសុខភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែផែនការនេះ នឹងមិនអាចក្លាយជាផែនការ ពិតប្រាកដទេ ប្រសិនបើផែនការនេះ មិនត្រូវបានប្រែក្លាយឱ្យជាការអនុវត្ត ។
លោកថា ក្របខ័ណ្ឌបច្ចេកទេសសម្រាប់ការតាមដាន និងវាយតម្លៃលទ្ធផលនៃផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ជាមគ្គុទេសក៍ សម្រាប់ជួយដល់ការសម្រេចចិត្តផ្នែកគោលនយោបាយ និងផែនការសកម្មភាព ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍ តាមរយៈការតាមដានវឌ្ឍនភាព និងការវាយតម្លៃលទ្ធផលទៀង ទាត់នៃការអនុវត្តផែនការ៕

To Top