ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ នាំយកអំណោយ របស់សប្បុរសជន ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្តល់ជូនវីរកងទ័ពគ្រួសារវីរកងទ័ព និងបងប្អូនភៀសសឹក

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅក្នុងខេត្តបន្ទាយមានជ័យ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនលោក​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក​ អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នា ជួយនាពេលនេះ គឺជាការឆ្លើយតប ក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែន ត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារកងទ័ព។

តាមរយៈម្ចាស់ជំនួយតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ដែលបានស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយលោក​ ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នា ទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត លោក​ ឌិត ទីណា និងលោក​ អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ លោកបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។

អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ រថយន្ត Pick up ចំនួន១គ្រឿង, ថវិកាចំនួន ៤០ ០០០ ០០០រៀល, អង្ករចំនួន ៣តោន, ត្រីងៀត ចំនួន១តោន, សាច់គោងៀត ចំនួន១តោន, សាច់ក្រក ចំនួន១តោន, ខ្ទឹមស ចំនួន៥តោន, បារីសេក ចំនួន១ ០០០សុង, ទឹកក្រូច Pepsi 330ml ចំនួន ១ ០០០កេស, ទឹកក្រូច Cambodia Cola 330ml ចំនួន ១ ០០០កេស, តង់(4mx6m) ចំនួន៣០០តង់, ម៉ាស ចំនួន ២០ ០០០, អាវដៃវែង អាវដៃខ្លី(ប្រុស/ស្រី) និងខោខ្លី(ស្រី) ចំនួន ១ ៥០០, ទឹកផ្លែឈើចិន ចំនួន៥៥កេស, មីចិន ចំនួន៨៣កេស, ស្ពៃក្តោប ចំនួន២ថង់ធំ, ខ្ទឹមបារាំង ចំនួន២បាវ, ដំឡូង ចំនួន១បាវ, នំផ្អែមសាំងវិច ១កេស=១៨០កញ្ចប់, នំស្នេហាជាតិ ១កេស=៣០នំ, និងនំរាជនី ១កេស=១២០កញ្ចប់៕

To Top