AmCam Exchange មជ្ឈមណ្ឌលផ្តល់ព័ត៌មាន អំពីការសិក្សា នៅសហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ AmCam Exchange មជ្ឈមណ្ឌលផ្តល់ព័ត៌មាន អំពីការសិក្សានៅសហរដ្ឋអាមេរិក នៅ ផ្សារទំនើប Exchange Square ជាន់ទី១ ដោយមានការចូលរួមពីសំណាក់ លោកស្រី Brigette Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (Charge d’Affaires) និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធាន នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។

លើកឡើង នាឱកាសនេះ លោកស្រី ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរំលេចពីមោទនភាព ចំពោះភាពជាដៃគូរវាង ស្ថានទូត សហរដ្ឋអាមេរិក និង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) ចាប់តាំងពីឆ្នាំ២០០៥ ដែលបានបង្កើត American Corner ហើយនៅពេលនេះ បានបង្កើត AmCam Exchange ជាមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ធនធានពាក់ព័ន្ធនឹងវិស័យអប់រំ សហគ្រិនភាព STEM និងឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈ បម្រើជាប្រយោជន៍ដល់សហគមន៍អ្នកអប់រំ ជាពិសេសសិស្សនិស្សិត ដោយបើកទូលាយសម្រាប់សាធារណជន ដែលចង់ស្វែងរកព័ត៌មានអំពីការសិក្សា នៅសហរដ្ឋអាមេរិក និង បានគូសបញ្ជាក់ ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រ ដល់វិស័យអប់រំនៅកម្ពុជា ដោយផ្តោតលើការ លើកកម្ពស់ឱកាស សមត្ថភាព ការអភិវឌ្ឍន៍ជំនាញរបស់យុវជន និងសហគមន៍។

បន្ទាប់ពីស្តាប់ចំណាប់អារម្មណ៍របស់ ប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង លោកស្រី ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារួចមក លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងចូលរួមអបអរសាទរ ចំពោះគំនិតផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ស្តីពីការសិក្សា នៅសហរដ្ឋអាមេរិក AmCam Exchange នៅរាជធានីភ្នំពេញ ដែលជាសមិទ្ធផល កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជាមួយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាសក្ខីភាពថ្មីមួយទៀត បង្ហាញពីភាពជាដៃគូរឹងមាំនិងយូរអង្វែង លើវិស័យអប់រំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តរីកចម្រើនឡើងជាលំដាប់ ឈានចូលខួបលើកទី៧៥ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌលនេះនឹងបម្រើជាស្ពានតភ្ជាប់ប្រជាជនកម្ពុជា ជាមួយប្រជាជនសហរដ្ឋអាមេរិក តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់ AmCam Exchange ក្នុងការបើកទូលាយ សម្រាប់សាធារណជន អាចចូលប្រើប្រាស់គ្រឿង បរិក្ខារឌីជីថល ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មានអំពីឱកាសសិក្សាដោយឥតគិតថ្លៃ ស្របទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រីកឱកាសអប់រំ និងជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំនៅកម្ពុជាជាច្រើនទសវត្សរ៍មកនេះ ព្រមទាំងថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ Paññāsāstra និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ចំណែកជំរុញឱ្យគំនិតផ្តួចផ្តើមនេះ លេចចេញ ជារូបរាង ដោយរំពឹងថា AmCam Exchange នឹងជួយដល់សិស្សនិស្សិតកម្ពុជា ឱ្យទទួលបានឱកាសកាន់តែច្រើន និងសម្បូរ បែបបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលបង្កើនចំណេះដឹង និងសមត្ថភាព ក្លាយជាកម្លាំងចលករ ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយគូសរំលេចថា សម្លឹងមើលទៅអនាគតដ៏វែងឆ្ងាយ សូមយើងបន្តសហការគ្នា ឱ្យកាន់តែប្រសើរ ដើម្បីកសាងស្ពាន នៃការយោគយល់គ្នាឱ្យកាន់តែរឹងមាំ លើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបង្កើតឱកាស សម្រាប់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា AmCam Exchange (អាំខេម អិចឆេង) គឺជាគំនិតផ្តួចផ្តើមមួយ របស់ស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលមានបេសកកម្ម ជំរុញការយល់ដឹង កាន់តែស៊ីជម្រៅរវាងប្រជាជនអាមេរិក និងកម្ពុជា។ AmCam Exchange ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ១) ផ្តល់នូវទីកន្លែងមួយ សម្រាប់យុវជនកម្ពុជា ដើម្បីស្វែងយល់បន្ថែម អំពីសហរដ្ឋអាមេរិក និងចូលរួមក្នុងការ ផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលសំខាន់សម្រាប់ប្រទេសទាំងពីរ ២) ដើរតួជាមជ្ឈមណ្ឌល EducationUSA ដែលផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់សម័យ អំពីឱកាសសិក្សានៅសហរដ្ឋអាមេរិក រួមទាំងការណែនាំអំពីសាកលវិទ្យាល័យ អាហារូបករណ៍ និងដំណើរការដាក់ពាក្យ។ មជ្ឈមណ្ឌលនេះបើកជាសាធារណៈដោយ ឥតគិតថ្លៃ និងផ្តល់សិទ្ធិចូលប្រើប្រាស់អ៊ីនធឺណិត និងសម្ភារៈអប់រំផ្សេងៗ។ AmCam Exchange មានទីតាំងនៅ ផ្សារទំនើប Exchange Square ជាន់ទី ១ ក្នុងរាជធានីភ្នំពេញ៕
ដោយ៖ ដារាត់| ដើមអម្ពិល


