ទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី ជប៉ុនថា ជប៉ុនចាំបាច់ត្រូវការគ្រាប់បែកនុយក្លេអ៊ែរ
បរទេស៖ តាមសេចក្តីរាយការណ៍ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនចាំបាច់ត្រូវពិចារណា លើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីដែលមិនបញ្ចេញឈ្មោះ ដែលផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្រ្តី ស្តីពីសន្តិសុខជាតិ បានអះអាងថា ការពឹងផ្អែកយូរអង្វែង របស់ជប៉ុន លើការរារាំង នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រហែលជាលែងអាចជឿទុកចិត្ត បានទាំងស្រុងទៀតហើយ, នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ បើតាមការលើកឡើងដោយសារព័ត៌មាន NHK គឺថា ក្រោមលក្ខខណ្ឌ ទាំងនេះ ការចាកចេញពីគោលនយោបាយ គ្មាននុយក្លេអ៊ែរក្រោយសង្គ្រាម របស់ប្រទេសជប៉ុន គឺអាចក្លាយជាការចាំបាច់ ។
ថ្លែងជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរូបនេះបានទទួលស្គាល់ថា ការផ្លាស់ប្តូរនេះនឹងកើតឡើងក្នុងតម្លៃនយោបាយខ្ពស់ក្នុងស្រុក ដោយបន្ថែមថា មិនមានការចង្អុលបង្ហាញថា លោកស្រី Takaichi កំពុងតែសញ្ជឹងគិតអំពីការផ្លាស់ប្តូរគោលនយោបាយនេះ នោះទេ។
សូមជម្រាបថា ប្រទេសជប៉ុននៅតែជាប្រទេសតែមួយគត់ ដែលទទួលរងការវាយប្រហារនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី ក្នុងខែចុងក្រោយ នៃសង្គ្រាមលោកលើកទី២ ខណៈដែលសហភាពសូវៀត បានចូលធ្វើសង្រ្គាមប្រឆាំងនឹងចក្រពត្តិជប៉ុន៕
ប្រែសម្រួលៈ ណៃ តុលា
