មេដឹកនាំអឺរ៉ុប សម្រេចផ្តល់កម្ចីចំនួន ១០៥ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងរុស្ស៊ី
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃសុក្រ គឺបានសម្រេចចិត្ត ដើម្បីផ្តល់កម្ចីជាសាច់ប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១០៥ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់មូលនិធិការពារខ្លួន ប្រឆាំងនឹងប្រទេសរុស្ស៊ីសម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ជាជាងប្រើប្រាស់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយបោះបង់ចោលការបែងចែក លើផែនការដែលមិនធ្លាប់មានពីមុនមក ក្នុងការផ្តល់ហិរញ្ញប្បទានដល់ទីក្រុងគៀវ ជាមួយនឹងសាច់ប្រាក់អធិបតេយ្យភាពរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំអឺរ៉ុបក៏បានផ្តល់ឱ្យគណៈកម្មការអឺរ៉ុប នូវអាណត្តិដើម្បីបន្តធ្វើការលើអ្វីដែលគេហៅថា ប្រាក់កម្ចីសំណងដោយផ្អែកលើទ្រព្យសម្បត្តិដែលត្រូវបង្កករបស់រុស្ស៊ី ប៉ុន្តែជម្រើសនោះបានបង្ហាញថា មិនអាចដំណើរការបានទេសម្រាប់ពេលនេះ សំខាន់ជាងនេះទៅទៀតដោយសារតែការតស៊ូពីប្រទេសបែលហ្ស៊ិក ដែលទ្រព្យសម្បត្តិភាគច្រើនត្រូវ បានកាន់កាប់នៅទីនោះ។
ប្រធានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក Antonio Costa បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោង ក្នុងចំណោមមេដឹកនាំនៅទីក្រុងប្រ៊ុចសែលថា “ថ្ងៃនេះ យើងបានអនុម័តការសម្រេចចិត្តផ្តល់ប្រាក់ ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន” ។ “ជាបញ្ហាបន្ទាន់ យើងនឹងផ្តល់ប្រាក់កម្ចីដែលគាំទ្រដោយថវិកាសហភាពអឺរ៉ុប”៕
ប្រែសម្រួលៈ ណៃ តុលា
