ទូតកម្ពុជា ប្រាប់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ចំពោះសន្តិភាព
ភ្នំពេញ ៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ លោកស្រី KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ខណៈលោក បានជម្រាបជូនអំពីការ វិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត យ៉ាងរឹងមាំរបស់កម្ពុជា ចំពោះសន្តិភាព, ការអត់ធ្មត់ និងដំណោះស្រាយ ដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការគាំទ្រ ជាបន្តបន្ទាប់របស់ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ទិសដៅរួមនៃកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗនៃផលប្រយោជន៍ទៅវិញទៅមក និងបានគូសបញ្ជាក់អំពីសារសំខាន់ នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់ ។
លោកឯកអគ្គរាជទូត បានបង្ហាញពីការ កោតសរសើររបស់កម្ពុជា ចំពោះតួនាទីប្រកបដោយន័យស្ថាបនា របស់ជប៉ុនក្នុងកិច្ចការតំបន់ និងការគាំទ្រយូរអង្វែងរបស់ជប៉ុន ចំពោះការអភិវឌ្ឍរបស់កម្ពុជា ។
ជំនួបនេះបានបញ្ជាក់ជាថ្មី អំពីមិត្តភាពជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកម្ពុជានិងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ទន្ទឹងរង់ចាំក្នុងការបន្តការ ចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជនទាំងពីរ ៕
