ក្រសួងការងារ បន្តផ្សព្វផ្សាយពីឱកាសការងារ នៅសល់ប្រមាណ ៨ម៉ឺនកន្លែង សម្រាប់អតីតពលករ ត្រឡប់មកពីថៃ
ភ្នំពេញ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារ ដែលនៅសល់ប្រមាណ ៨ម៉ឺនកន្លែង សម្រាប់បងប្អូនអតីត ពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែធ្នូថា ឱកាសការងារចំនួន ៨០ ៧៣២កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេស បងប្អូនអតីតពលករ ដែលវិលត្រឡប់ មកពីប្រទេសថៃ។
ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម ក្នុងនោះរាជធានីភ្នំពេញ មានឱកាសការងារច្រើន ជាងគេចំនួន ២៥ ៣៤២កន្លែង បន្ទាប់មកខេត្តកំពង់ស្ពឺ មានឱកាសការងារចំនួន ១៨ ៧៨០កន្លែង ខេត្តកណ្តាល មានឱកាសការងារចំនួន ១០ ០២៧កន្លែង និងខេត្តតាកែវ មានឱកាសការងារចំនួន ៧ ៩០២កន្លែង។

ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយ សម្របសម្រួលស្វែងរកការងារជូន។

ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ បងប្អូនអតីតពលករត្រឡប់ មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារ ធ្វើ តាមរយៈយន្ដការរបស់ក្រសួង ។ ចំណែកឯបងប្អូនអតីតពលករ រាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើ នៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕
