ក្រុមហ៊ុនTCM ធ្វេសប្រហេស ការបង្ការធូលីដី ប៉ះពាល់សិទ្ធរស់នៅ និងបញ្ហាសុខភាព សាធារណៈ
ធូលីនិងកម្ទេចថ្ម បានហុយខ្លាំងប៉ះពាល់ការរស់នៅ និងសុខភាពសាធារណៈ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ពិសេសចំណុចផ្សារ កែវសីមាតែម្តង ក្នុងពេលដែលក្រុមហ៊ុន ទទួលម៉ៅការស្ថាបនាផ្លូវ ហាក់បីដូចជាកង្វះការគ្រប់គ្រង មិនត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។
ក្រុមហ៊ុនTCM ដែលគេដឹងថា ទទួលបានសិទ្ធស្ថាបនាផ្លូវ បាន និងកំពុងធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយឈានដល់ក្រាលថ្មល្អិត កាយប្រឡាយដាក់លូ ជិតនិងរួចរាល់មួយផ្នែកធំទៅហើយ។
កំលុងពេលក្រាលថ្មល្អិតនោះ រថយន្តបាញ់ទឹក ក៏ត្រូវគេឃើញថាបានបាញ់ស្រោចដែរ តែប៉ុន្មាននាទីក្រោយ ធូលីដី ក៏ផ្តើមហុយទ្រលោម ឡើងវិញ។
ចំណុចទាំងនេះ បញ្ជាក់អោយឃើញ នូវការគ្រប់គ្រងធូលីនិងផលប៉ះពាល់ មិនបានត្រឹមត្រូវ មិនស្របតាមច្បាប់ ព្រមទាំង មិនគោរពស្តង់ដា បច្ចកទេស សុវត្ថភាព បរិស្ថាន និងសុខភាពសាធារណៈ ដូចដែលបានកំណត់ក្នុងលក្ខខណ្ឌ នៃគម្រោងនោះឡើយ។
ការអភិវឌ្ឍន៍ មិនអាចធ្វើឡើង ដោយបំផ្លាញសុខភាពនិងជីវិតប្រជាពលរដ្ឋបានឡើយ ករណីនេះតម្រូវអោយ ក្រុមហ៊ុនTCMបង្កើនការ យកចិត្តទុកដាក់ឡើងវិញ ព្រោះបើធូលីដីហុយ ពេញមួយថ្ងៃ មិនត្រឹមតែប៉ះពាល់ការ រស់នៅប្រចាំថ្ងៃនោះទេ ប៉ុន្តែថែមទាំងបណ្តាលអោយកុមារ មនុស្សចាស់ និងសមាជិកគ្រួសារជាច្រើនទៀត រងនូវអាការៈផ្តាសាយ ក្អក រលាកផ្លូវដង្ហើម រួមទាំងបញ្ហាសុខភាពផ្សេងៗ ដែលបង្ករឡើងដោយធូលីនោះ ៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
