ព័ត៌មានជាតិ

កម្ពុជា ទាមទារឲ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ទៅលើយោធាថៃ ចំពោះសកម្មភាព បំពាន ទាំងកំរោលមកលើកម្ពុជា និងទាមទារឲ្យ ទទួលខុសត្រូវទាំងស្រុង ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់ របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ ។

លោកស្រីបញ្ជាក់ទៀតថា កម្ពុជាអំពាវនាវ ឲ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំង ចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់ ។

ជាមួយគ្នានេះ អ្នកនាំពាក្យបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។
លោកស្រីអះអាងថា កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹងគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគី កម្ពុជា-ភាគីថៃ បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

To Top