ព័ត៌មានជាតិ

លោក​ ហេង សួរ នាំយកអំណោយ របស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ចែកជូនបងប្អូនភៀសសឹក ចំនួន ២ពាន់គ្រួសារ នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះដែរ បន្ទាប់ពីបានប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ លោក​ គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរ សុខទុក្ខប្រជាពលរដ្ឋភៀសសឹក មកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ដែលមានជាអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ ស្មើនឹង១២ ០០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នា ជួយនាពេលនេះ គឺជាការឆ្លើយតប ក្នុងគ្រាលំបាកខ្វះខាត ទាំងឡាយ នៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែន ត្រូវប្រឈមដោះស្រាយ ជូនប្រជាពលរដ្ឋជាជនភៀសសឹក និង គ្រួសារវីរកងទ័ព ដែលរងគ្រោះលំបាកវេទនា ដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ។

អំណោយដែលជាទឹកចិត្តអាណិតស្រឡាញ់ពីម្ចាស់ជំនួយដែលជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ បង្ហាញពីស្មារតីស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ។ សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិត ក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នា ចោលនោះឡើយ ពោល គឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីយោធាថៃ។

ក្នុងនាមរដ្ឋបាលខេត្ត លោក​ គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។

អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមាន កញ្ចប់ឃីត ចំនួន ២ពាន់កញ្ចប់ ដែលក្នុង ១ឃីត រួមមាន៖ ថវិកា ចំនួន ២ម៉ឺនរៀល ក្នុង ១កញ្ចប់, អាវ ចំនួន ១, ខោ ចំនួន ២, ថ្នាំរាគ ចំនួន ១ប្រអប់, ថ្នាំប៉ារ៉ា ចំនួន ១ប្រអប់, ប្រេងកូឡា ចំនួន ១ប្រអប់, មី ចំនួន ១០កញ្ចប់, ទឹកបរិសុទ្ធ ចំនួន ១យួរ, និងអង្ករចំនួន ១០គីឡូក្រាម។

សូមបញ្ជាក់ថា ចាប់តាំងពីមានសង្រ្គាមឈ្លាន ពានមក នេះគឺជាលើកទី៣ហើយ ដែលលោករដ្ឋមន្រ្តីបាននាំយកអំណោយ ទៅចែកជូនបងប្អូនជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ៕

To Top