ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ អំពើឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យស្លាប់ពលរដ្ឋសុីវិលកម្ពុជាកេីនឡេីង ១៩នាក់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា អំពើឈ្លានពាន របស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាល ឱ្យស្លាប់ប្រជាពលរដ្ឋសុីវិលរបស់កម្ពុជាកេីនឡេីងចំនួន ១៩នាក់ និងរងរបួសចំនួន ៧៩នាក់។

នេះបេីយោងតាមសេចក្ដីសង្ខេបព័ត៌មាន (Press Briefing) ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារ ពលរដ្ឋភៀសសឹក ដោយសារសង្គ្រាម ឈ្លានពានវាតទីទឹកដី របស់រដ្ឋាភិបាល និងយោធាថៃ (គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥) ចេញផ្សាយដោយ ក្រសួងមហាផ្ទៃកម្ពុជា ។

ក្នុងសេចក្ដីសង្ខេបព័ត៌មាន បានគូសបញ្ជាក់ថា «គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់១៩នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើង ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត»។

លេីសពីនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាក់ជំហរ ចំពោះប្រេសិតពិសេសចិន អំពីសុច្ឆន្ទៈរបស់កម្ពុជា គាំទ្ររាល់កិច្ច អន្តរាគមន៍ ពីមិត្តភក្តិបរទេស និងសហគមន៍អន្តរជាតិ ដោះស្រាយអរិភាព ជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការស្តារសន្តិភាពឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីរ បានរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និង វិបុលភាព ដូចដែលកម្ពុជាតែងតែប្រកាន់ ខ្ជាប់ និងអនុវត្តបទឈប់បាញ់ យ៉ាងពេញលេញ ចាប់តាំងពីចូលជាធរមាន ៕

To Top