ព័ត៌មានជាតិ

ផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតដោយយោធាថៃបំផ្លាញ នឹងត្រូវស្តារឡើងវិញ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្រសួង បានត្រៀមលក្ខណៈរួចរាល់ក្នុងការស្តារ ផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធដែន ស្ថិតនៅក្នុងដែនអធិបតេយ្យភាព របស់កម្ពុជា ដែលបានរងការខូចខាត ដោយយោធាថៃបំផ្លាញគ្មានរើសគោលដៅ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យសាធារណជនកុំមានការព្រួយបារម្ភចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលខូចខាតដោយការវាយប្រហារមកលើកម្ពុជាពីសំណាក់ក្រុមយោធាថៃអស់រយៈពេល១៥ថ្ងៃកន្លងមកនេះ ។

ជាមួយនឹងការស្នើមិនឲ្យបារម្ភនេះ លោក ផន រឹម ក៏បានស្នើឲ្យពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែន ។ ចំពោះ ផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសត្រូវបំផ្លាញនោះ លោកគូសបញ្ជាក់យ៉ាងច្បាស់ៗថា ក្រសួងបានត្រៀម និងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូមកដែលយោធាថៃ​ បើកការវាយប្រហារមិនរើសគោលដៅ មកលើកម្ពុជា នោះបានធ្វើឲ្យការខូចខាតផ្ទះប្រជាពលរដ្ឋ៧៦ខ្នង , សាលារៀន៥ទីតាំង , មណ្ឌលសុខភាព១ទីតាំង , ផ្សារ១កន្លែង , ប្រាសាទបុរាណមួយចំនួន , វត្តអារាម៥ទីតាំង , សាលាឆទាន១ទីតាំង , កុដិព្រះសង្ឃ១ទីតាំង , អគារការិយាល័យគយ និងរដ្ឋាករ១អគារ , អគារឯកជន៩ទីតាំង , សណ្ឋាគារ៣ទីតាំង , មណ្ឌលកសិកម្មសហគមន៍១ទីតាំង , ស្ពានថ្ម២កន្លែង , ស្ពានដែក១ , ស្ពានបុរាណ១កន្លែង , ក្បាលស្ពាន១កន្លែង , ស្ថានីយ៍ប្រេង១ទីតាំង , មធ្យោបាយដឹកជញ្ជូន២៨គ្រឿង , ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១ទីតាំង ៕

To Top