រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាងថា មិនមានទំនាក់ទំនងណាទៀតឡើយ ជាមួយនឹងប្រេសិតពិសេសអាមេរិក
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយថា លោកលែងបានទំនាក់ទំនង ជាមួយបេសកជនពិសេស របស់សហរដ្ឋអាមេរិក សម្រាប់តំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដោយកត់សម្គាល់ថា បណ្តាញទំនាក់ទំនងរបស់ពួកគេ គឺមិនមានសកម្មភាព អស់រយៈពេលជាច្រើនខែមកហើយ។
លោក Araghchi បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Worlds Apart” របស់ RT ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូកាលពីដើមខែនេះ ដោយបានធ្វើអត្ថាធិប្បាយអំពី ស្ថានភាពទំនាក់ទំនងរវាងទីក្រុងតេហរ៉ង់ និងវ៉ាស៊ីនតោន។
លោកបាននិយាយថា លោកធ្លាប់បានចរចាជាមួយលោក Witkoff ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានកត់សម្គាល់ថា ភាគីទាំងពីរបានធ្វើការចរចាចំនួនប្រាំជុំរវាងខែមេសា និងខែមិថុនាកន្លងមក។
រំលឹកដែរថាកិច្ចប្រជុំជុំទីប្រាំមួយ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ខែមិថុនា ត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសភ្លាមៗ ទៅលើអ៊ីរ៉ង់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលទ្រង់ទ្រាយធំកាលពីថ្ងៃទី ១៣ ខែមិថុនា សំដៅលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ កាលពីថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែក លើទីតាំងអភិវឌ្ឍនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន ៣ គឺ Natanz, Fordow និង Isfahan ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
