លោក កែវ រ៉េមី៖ ទាហានថៃ កាន់តែគគ្លើន បាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស
ភ្នំពេញ៖ លោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ទាហានថៃ កាន់តែគគ្លើនបាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ។

នៅលើបណ្ដាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី២១ ធ្នូ ម្សិលមិញ លោក កែវ រ៉េមី បានសរសេរយ៉ាងដូច្នេះថា៖

«បើតាមស្តាប់ព័ត៌មាន បន្តបន្ទាប់មកទល់ពេលនេះ ទាហានថៃ កាន់តែគគ្លើន បាញ់ផ្លោងមិនឈប់ មិនខ្វល់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នាថ្ងៃស្អែកនោះទេ ។ ជាចិត្តសាស្ត្រក្នុងពេលជាប់ដៃធ្វើសង្រ្គាម គឺ:
ទី១/ តំណមបង្ហាញភាពទន់ខ្សោយ យំស្រែក Drama បង្អើលនេះបង្អើលនោះ បើទោះបីជាយើងខ្លាំងក៏គេគិតថាយើងចុះខ្សោយដែរ។ អ្នកដែលចង់ជួយយើងក៏គេទ្រឹងក្នុងការ take side ចាំមើលបន្តិចទៀតសិនដែរ។
ទី២/ ឃ្លាំមើលដំណើរ ទឹកមុខរបស់ពួកយើង ( ដើរពើងខ្លួន ឬដើរដូចកណ្តុរធ្លាក់ទឹក) គ្មានព្រលឹងនៅក្នុងខ្លួន។ល។
ទី៣/ ពួកនេះគិតថាយើងគ្មានអាវុធសំខាន់ក្នុងការតបតនោះទេ ។
ហេតុផលទាំង ៣នេះទើបពួកវាក្រឡុកយើងឥតឈប់ ។
ជាយោបល់ខ្ញុំវិញ, បញ្ឈប់សោកសៅ ដើរស្វាហាប់ពើងខ្លួន ហើយបើចាំបាច់ព្រលែង អារបស់សំខាន់របស់យើង វាយលុកមិនឈប់ មិនឲ្យពួកវាសុីបាយ ងូតទឹកបាន ។ មិនយូរទេ ប្រហែលជាយើងរកឃើញ សន្តិភាពបានលឿន ជាងនេះ ។ សូមចូលរួមជាគំនិត»។

សូមរំលឹកថា មកដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ នៅតែបន្តប្រើប្រាស់យន្ដហោះចម្បាំងF16 បាញ់កាំភ្លើងធំ ផ្សែងពុល និងគ្រាប់បែកចង្កោម ជាច្រើនសំដៅលើមូលដ្ឋាន ជនស៊ីវិលកម្ពុជា៕

