ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការបរទេសកម្ពុជា បញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារប្រក្រតីភាពឡើងវិញ ដើម្បីសន្តិភាព និងវិបុលភាពរួម រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានប្រាប់រដ្ឋមន្ត្រីការបរទេសឡាវ អំពីការត្រៀមខ្លួនរួចជាស្រេច របស់កម្ពុជា ក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព និងវិបុលភាពរួមរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារក្រៅផ្លូវការ ជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំដ៏ល្អឥតខ្ចោះ ជូនគណៈប្រតិភូកម្ពុជា អំឡុងពេលក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ និងទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីខែវិច្ឆិកាកន្លងទៅ។

កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសការវិវត្តនៃស្ថានការណ៍ជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំង អំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរវាងប្រជាជន និងប្រទេសទាំងពីរ៕

To Top