ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខបងប្អូន​វីរៈ​កងទ័ពជួរមុខ ដែលត្រូវរបួសអំបែងគ្រាប់ និងផ្សែងពុល ពេលប្រយុទ្ធនៅសមរភូមិមុខ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ…

​​​កំពង់ស្ពឺ៖​ ដោយមានការចង្អុលបង្ហាញពី​ ឯកឧត្តម​​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​ និង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ បណ្ឌិត ជាម​​​ ច័ន្ទសោភ័ណ​​​ អភិបាល​​​ នៃ​គណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ ។

កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ​ បានដឹកនាំ​ក្រុមការងារ​កង​រាជអាវុធហត្ថ ព្រមទាំងមានការចូលរួមពីក្រុមការងារ សហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្ត​កំពង់ស្ពឺ​ នាំយកនូវ​ថវិការ រួមទាំងសម្ភារៈ​មួយចំនួន​ធំនិងគ្រឿងឧបភោគបរិភោគ​​ ទៅប្រគល់​ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ​ចំនួន​ពីរគ្រួសារ​ លោកពលបាលទោ ផាន ប៉ាលី ភេទប្រុស មេបញ្ជាការរង(ខ) កងពលតូចអន្តរាគមន៍លេខ១ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ​​ និងលោកពលទោ តារា ម៉េង ពលទាហាន តំបន់ប្រតិបត្តិការសឹករង​​ ប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវរបួសដោយសារផ្សែងពុល និងអំបែងគ្រាប់ពេលប្រយុទ្ធនៅសមរភូមិ ជាមួយសៀមឈ្លានពាន ដែនអធិបតេយ្យកម្ពុជា ហើយពេលនេះ កំពុងតែសម្រាកព្យាបាលជំងឺ ដោយការយកចិត្តទុកដាក់បំផុត នៅមន្ទីរពេទ្យបង្អែក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ថវិកា​និងសម្ភារៈ​ចូល​រួម​ឧបត្ថម្ភ​រួមមាន÷ថវិកាចំនួន ៨០០,០០០រៀល​ និងអង្ក ៤បាវ,មីជាតិ ៤កេស,ទឹកសុទ្ធ ៤កេស,ទឹកផ្លែឈើ ៤កេស,ទឹកត្រី ៤យួរ
និងទឹកស៊ីអ៉ីវ ៤យួរផងដែរ។

ឆ្លៀតក្នុងឱកាស​នាពេលនោះដែរ លោក​ឧត្តម​សេនីយ៍​ត្រី ម៉េង​​​​ ស្រ៊ុន​​​ មេបញ្ជាការ បាន​សំណេះសំណាល​ និងជូនពរជ័យឲ្យឆាប់បានជាសះស្បើយ ក្រៅពីនេះ ក៏បាន​ពាំនាំ​នូវការផ្តាំផ្ងើរសួរសុខទុក្ខនិងការព្រួយបារម្មណ៏បំផុតពី ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​ និង​ បណ្ឌិត ជាម​​​ ច័ន្ទសោភ័ណ​​​ អភិបាល​​​ នៃ​គណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ ចំពោះ វីរៈ​កងទ័ព​​ លោកពលបាលទោ ផាន ប៉ាលី និងលោកពលទោ តារា ម៉េង និង​កោតសរសើរ ​បំផុតក្នុងការបេញ បេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាព ជូនប្រជាជនកម្ពុជា​ ប្រចាំការទិសតាថាវ ខេត្តព្រះវិហារ​​ និងប្រចាំទិសថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ​ ​នៅ​សមរភូមិ​មុខ​ថែមទៀតផង។

សកម្មភាពក្នុងការចុះសួរសុខទុក្ខនាពេលនេះ​ គឺជាការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿន ការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា​​​ និងបានបង្ហាញឱ្យឃើញនូវកម្លាំង ដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។

To Top