លោក ហួត ហាក់ ៖ បណ្តាលខេត្តផ្សេងៗ ដែលមិនជាប់ព្រំដែន ជាមួយថៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតែអាចធ្វើដំណើរ កម្សាន្តបានជាប្រក្រតី
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ជាក់ស្តែងដូចជាខេត្តសៀមរាប និងបណ្តាលខេត្តផ្សេងៗទៀត ដែលមិនជាប់ព្រំដែន ជាមួយប្រទេសថៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតែអាចធ្វើដំណើរកម្សាន្តបានជាប្រក្រតី ។

ការលើកឡើងរបស់របស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា ជាមួយសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ដែលដឹកនាំដោយ លោកព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ, លោកស្រី JIANG JINLU អនុប្រធានសមាគមអ្នកនិពន្ធចិន, លោក THONBAY PHOTHISANE ប្រធានសមាគមអ្នកនិពន្ធឡាវ និងលោក OHN MAUNG ប្រធានសមាគមអ្នកនិពន្ធមីយ៉ាន់ម៉ា ព្រមទាំងអមដោយ សមាជិក សមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ និងមីយ៉ាន់ម៉ា ចំនួន ២៥នាក់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគោរព ស្នើសុំអនុសាសន៍ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍កម្ពុជា និងសិក្សាឈ្វេងយល់កាន់តែស៊ីជម្រៅ និងសហការចូលរួមផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែផុលផុសបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំពីស្ថានភាពទូទៅនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បើទោះបីជាមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយសកល និងស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនប្រាកដប្រជាក៏ដោយ ជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជា នៅតែបន្តរក្សាបាន នូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាគោលដៅ ទេសចរណ៍កក់ក្តៅ និងមានសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ជាក់ស្តែងដូចជាខេត្តសៀមរាប និងបណ្តាលខេត្តផ្សេងៗទៀត ដែលមិនជាប់ព្រំដែនជាមួយប្រទេសថៃ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតែអាចធ្វើដំណើរកម្សាន្តបានជាប្រក្រតី។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “កម្មវិធីជំនួបអ្នកនិពន្ធខ្មែរ-អន្តរជាតិ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និង សៀមរាប លើប្រធានបទ៖ អ្នកនិពន្ធ គឺជាទូតសុច្ឆន្ទៈ សម្រាប់ការអភិរក្ស និង អភិវឌ្ឍន៍វប្បធម៌ដើម្បីសន្តិភាព ដែលប្រធានបទនៃព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងពី គុណតម្លៃសន្តិភាព ដែលកម្ពុជា និងប្រជាជនកម្ពុជាត្រូវការសន្តិភាព ។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេស ដែលស្រឡាញ់សន្តិភាព, យើង ត្រូវការសន្តិភាព, យើងការពារសន្តិភាពគ្រប់កាលៈទេសៈ ដែលស្របទៅនឹងពាក្យស្លោក ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានស្នើដល់សមាគមអ្នកនិពន្ធចិន ឡាវ និងមីយ៉ាន់ម៉ា ចូលរួមជាមួយសមាគមអ្នកនិពន្ធខ្មែរ ក្នុងការប្រើនូវប៊ិចក្នុងការតាក់តែង និងសរសេររៀបរាប់នូវស្ថានភាពពិតប្រាកដ និងជាក់ស្តែងរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល៕
ដោយ៖ ដារាត់| ដើមអម្ពិល
