ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យបន្តទប់ស្កាត់ រថយន្តធុនធំចូលក្រុង ខុសពេលវេលា
ភ្នំពេញ ៖ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំកងកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញទាំងអស់ បន្តទប់ស្កាត់រថយន្តធុនធំ ចូលក្រុងខុសពេលវេលា និងស្រាវជ្រាវបង្រ្កាបបទល្មើសឆបោក តាមអនឡាញដោយម៉ឺងម៉ាត់ និងបទល្មើសផ្សេងៗទៀត ។

ការណែនាំរបស់ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ និងកោតសរសើរដល់កម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំអនុវត្តការងារ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានយកចិត្តទុកដាក់អនុវត្តការរងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ប្រកបដោយសុខសុវត្ថិភាព តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិ -សង្កាត់-មានសុវត្ថិភាព ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងបន្តស្រាវជ្រាវបង្រ្កាបមុខសញ្ញា ប្រព្រឹត្តបទល្មើសដែលនៅសេសសល់ដើម្បីយកទៅអនុវត្តច្បាប់ និងខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន ជាប្រចាំដោយមិនដកថយឡើយ បន្តដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ដោយពិនិត្យឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យជនរងគ្រោះស្លាប់មានការកើនឡើង បន្តទប់ស្កាត់រថយន្តធុនធំចូលក្រុងខុសពេលវេលា និងស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយម៉ឺងម៉ាត់ បង្ការបង្រ្កាបក្មេងទំនើង និងបទល្មើសផ្សេងៗផងដែរ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានវាយតម្លៃនិងកោតសរសើរ ចំពោះកងកម្លាំងជំនាញព្រហ្មទណ្ឌ បានខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ លួច ឆក់ប្លន់ ក្មេងទំនើង មានសមត្ថភាព បង្រ្កាបអស់ប្ញសគល់ និងប្រើប្រាស់សកម្មភាពចេញល្បាត តាមវិធានការណ៍ជំនាញ និងរួមសហការគ្នាបានល្អគ្រប់ ផ្នែកនិងជំនាញ៕
