ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា ជាងកន្លះលាននាក់ កំពុងរងទុក្ខ ដោយសារការឈ្លានពានថៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៧ថ្ងៃហើយយោធាថៃ បាញ់ប្រហារលើកម្ពុជា ដែលបានធ្វើឱ្យប្រជាជនកម្ពុជា ជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាល់តំបន់ និង ជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា ។ ក្នុងនោះចាប់តាំងពីថ្ងៃ យោធាថៃ បើកការឈ្លានពាន បានធ្វើឱ្យពលរដ្ឋស្លាប់ចំនួន២១នាក់ និងរបួសចំនួន៨៣នាក់ ។ ចំពោះករណីពលរដ្ឋ នៅជំរំសុវត្ថិភាពមានចំនួន ៥៤៧.៩០៩នាក់ ស្ត្រី ២៨៦.៩៩២នាក់ និងកុមារ១៧៥.០៥៧នាក់ ។

សម្រាប់ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល បានធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ១១៩ខ្នង , សាលារៀន៥ទីតាំង , មណ្ឌលសុខភាព៣ទីតាំង , ផ្សារ១ , បង្គោលអង់តែនទូរសព្ទ២កន្លែង , ប្រាសាទបុរាណមួយចំនួន , វត្ត៥ទីតាំង , សាលាឆទាន១ , កុដិ១ , អគារគយ និងរដ្ឋាករ១ , អគារឯកជន១៣ទីតាំង , អគាររដ្ឋ ១២ខ្នង , សណ្ឋាគារ៥ ទីតាំង , មណ្ឌលកសិកម្មសហគមន៍១ , ផ្លូវ២កន្លែង , ស្ពានថ្ម២កន្លែង , ស្ពានដែក១ , ស្ពានបុរាណ១ , ក្បាលស្ពាន១ , ស្ថានីយ៍ប្រេង១ , មធ្យោបាយដឹកជញ្ជូន២៨គ្រឿង , ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១។ ដូច្នេះសរុបមកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និង ភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕

To Top