ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បដិសេធរបាយការណ៍ អំពីការជម្លៀសស្ថានទូត​ នៅក្នុងប្រទេសវេណេស៊ុយអេឡា

មូស្គូ ៖​ ក្រសួងការបរទេសរុស្ស៊ី​ នៅថ្ងៃអង្គារ បានចាត់ទុករបាយការណ៍របស់ Associated Press (AP) អំពីការជម្លៀសស្ថានទូត នៅក្នុងប្រទេសវេណេស៊ុយ អេឡាថាជា “ការកុហក”។

ការបដិសេធនេះសំដៅទៅលើរបាយការណ៍ AP ដែលបានដកស្រង់សម្តីតំណាងចារកម្មអឺរ៉ុបម្នាក់ដែលបានឧ្យដឹងថា រុស្ស៊ីបានចាប់ផ្តើមជម្លៀសបុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេចេញពីស្ថានទូត របស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។

របាយការណ៍នេះ បានកត់សម្គាល់ថា រថយន្តជាងដប់គ្រឿង​ ដែលមានស្លាកលេខការទូតត្រូវបានចតនៅមុខស្ថានទូតរុស្ស៊ី​ នៅវេណេស៊ុយអេឡា​ នៅព្រឹកថ្ងៃចន្ទ ។ ទោះជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ត្រូវបានគេឃើញចូល ឬចាកចេញពីអគារនោះទេ។ នៅពាក់កណ្តាលថ្ងៃ រថយន្តទាំងអស់បានចាកចេញ។

ប្រភព AP ដែលមិនបញ្ចេញឈ្មោះមួយបានភ្ជាប់រឿងនេះទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់រុស្ស៊ី​ អំពីស្ថានភាពនៅវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងវេណេស៊ុយអេឡា​ នៅថ្ងៃចន្ទបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “សកម្មភាពកើនឡើង” ដោយទីក្រុងវ៉ាស៊ីនតោន​ នៅសមុទ្រការីប៊ីន។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពដ៏ទូលំទូលាយរបស់រុស្ស៊ី​ ជាមួយថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡា ក្រោមកាលៈទេសៈបច្ចុប្បន្ន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top