ក្រសួងការបរទេសចិន ឆ្លើយតបចំពោះជម្លោះកម្ពុជាថៃ ៖ ប្រទេសចិន នឹងបន្តជំរុញយ៉ាងសកម្ម ឱ្យមានការចរចាសន្តិភាព
ថ្ងៃទី២២ ខែធ្នូ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន បានបើកធ្វើនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃដដែល ដោយផ្តោតលើស្ថានភាពព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ។ ប៉ុន្តែ កម្ពុជា និងថៃនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅឡើយទេ ។
តើភាគីចិនមានការវាយតម្លៃយ៉ាងណា ចំពោះរឿងនេះ? តើភាគីចិនអាចផ្តល់ព័ត៌មានអំពីកិច្ចសម្របសម្រួលរបស់លោកDeng Xijun បេសកជនពិសេសទទួលបន្ទុក កិច្ចការអាស៊ីនៃក្រសួងការបរទេសចិននៅកម្ពុជា និងថៃបានទេ?
លោកLin Jian បានថ្លែងថា កម្ពុជា និងថៃ សុទ្ធតែជាសមាជិកសំខាន់របស់អាស៊ាន ។ ប្រទេសចិនសូមកោតសរសើរ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ក្នុងការជំរុញសន្តិភាព ។ ក្នុងនាមជាមិត្ត និង ជាអ្នកជិតខាងរបស់កម្ពុជា និងថៃ ប្រទេសចិនសង្ឃឹម យ៉ាងស្មោះត្រង់ថា ភាគីទាំងពីរនឹងរួមគ្នាគាំពារ សន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរនិងផលប្រយោជន៍ ជាមូលដ្ឋាននៃប្រជាជន នៃប្រទេសទាំងពីរ បញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីកសាងសន្តិភាពឡើងវិញ ។
ចាប់តាំងពីជម្លោះរវាងកម្ពុជា និងថៃ មានសភាពកាន់តែធ្ងន់ធ្ងរម្តងទៀត ប្រទេសចិនបានធ្វើកិច្ចខិតខំសម្របសម្រួល និងជំរុញការផ្សះផ្សាគ្នា តាមរបៀបរបស់ខ្លួន។លោកWang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ ហើយមន្ត្រីក្រសួងការបរទេសចិនបានរក្សា ទំនាក់ទំនងជាមួយកម្ពុជា ថៃ និង ប្រទេសអាស៊ានពាក់ព័ន្ធ។ទាក់ទងនឹងព័ត៌មានអំពីលោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ដែលធ្វើកិច្ចសម្របសម្រួល ទៅមករវាងកម្ពុជា និងថៃ ប្រទេសចិននឹងចេញផ្សាយព័ត៌មាន ក្នុងខណៈពេលសមរម្យ។ ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវការចរចាសន្តិភាព និងដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង៕
