ព័ត៌មានជាតិ

គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំ នៅច្រកអន្តរជាតិ ព្រំ-ផាកកាត ខេត្តប៉ៃលិន ទល់នឹង ខេត្តច័ន្ទបុរី

ប៉ៃលិន ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ច ប្រជុំហើយ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ នឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ៕

To Top