ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយ របស់សារព័ត៌មានមួយចំនួននោះឡើយ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា ពុំមានការបញ្ជូនពលករកម្ពុជាចេញនោះឡើយនៅថ្ងៃនោះ ហេតុដូចនេះទាំងបងប្អូននៅថៃ និងសាច់ញាតិនៅខ្មែរ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះជាព័ត៌មានមិនពិតទេ”។
សម្រាប់អ្នកនាំពាក្យរូបនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយបងប្អូនពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីត្រៀមដោះស្រាយបញ្ហា ប្រឈមនានាជូនបងប្អូនពលករ។

ជាមួយគ្នានេះ ក្រសួង បាននិងកំពុងសហការជាមួយអង្គការសហប្រជាជាតិ (UN), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់ អន្តរជាតិផងដែរ។
ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ លោក ស៊ុន មេសា បានជំរុញឱ្យបងប្អូនពលករខ្មែរទំនាក់ទំនងស្វែងរក ការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុល នៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨/០៨៥ ០១២ ៣៦៦៨ ក៏ដូចជាលេខទំនាក់ទំនង អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥ និងស្ថាប័នអន្តរជាតិនានា ផងដែរ៕
