ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តទទួលអំណោយ និងសំភារៈចាំបាច់ ពីសប្បុរសជន សម្រាប់ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអភិបាលរងជាច្រើនរូបទៀត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជន និងសប្បុរសជន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាច្រើននាក់។

ក្នុងឱកាសនេះលោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌពោធិសែនជ័យ, លោកស្រី ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ចំពោះអំណោយជាថ្នាំពេទ្យមានសំភារៈ ៦មុខចូលគ្នា និងអង្រឹង, គណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ក្រុមហ៊ុនឯកជន មានក្រុមហ៊ុនឆេមពានគ្រុប សប្បុរសជន និងប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលបាននាំយកអំណោយ មកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។

លោក ឃួង ស្រេង ចាត់ទុកទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែក លើកទឹកចិត្តដល់កងកម្លាំង ប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារ ខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយ ពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

To Top