ទីក្រុងវ៉ាស៊ិនតោន បន្តបញ្ជូននិង ដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ការ៉ាប៊ីន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែបន្តកំពុងពង្រីកទីតាំងយោធា របស់ខ្លួននៅជិតប្រទេស វេណេស៊ុយអេឡា ដោយការដាក់ពង្រាយ កងកម្លាំងបន្ថែមទៅកាន់តំបន់ការ៉ាប៊ីន ចំពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស។
សកម្មភាពដាក់ពង្រាយទាំងនោះ រួមមានយន្តហោះប្រតិបត្តិការពិសេស និងយន្តហោះដឹកជញ្ជូនយោធា។ យោងតាមរបាយការណ៍ ការដាក់ពង្រាយនេះ គឺមានបំណងផ្តល់ ឱ្យទីក្រុងវ៉ាស៊ីនតោន នូវជម្រើសបន្ថែម សម្រាប់សកម្មភាពដែលមានសក្តានុពល ប្រឆាំងនឹងវេណេស៊ុយអេឡា ទោះបីជាមិនមានប្រតិបត្តិការ ជាក់លាក់ណាមួយត្រូវបាន ប្រកាសជាសាធារណៈក៏ដោយ។
បណ្តាញផ្សព្វផ្សាយបានរាយការណ៍ថា យ៉ាងហោចណាស់យន្តហោះ CV-22 Osprey tilt-rotor ចំនួន១០គ្រឿងដែលភ្ជាប់ ទៅនឹងអង្គភាព ប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បានហោះហើរចូល ទៅក្នុងការ៉ាប៊ីនពីមូលដ្ឋាននៅទ្វីបអាមេរិក។
យន្តហោះដឹកទំនិញ C-17 ជាច្រើនគ្រឿងក៏ត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនទាហាន និងឧបករណ៍ទៅកាន់ព័រតូរីកូកាលពីថ្ងៃចន្ទផងដែរ នេះបើយោងតាមមន្ត្រីអាមេរិកដែលដកស្រង់ដោយប្រភពដដែល។
ទោះបីជាយ៉ាងណាក្តីទីបញ្ជាការ ភាគខាងត្បូង របស់សហរដ្ឋអាមេរិកបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើចលនា កងទ័ពដែលត្រូវបានរាយការណ៍ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខប្រតិបត្តិការ។ សេតវិមាននិងនាយកដ្ឋាន សង្គ្រាមមិនបានឆ្លើយតបជាសាធារណៈចំពោះសំណួរអំពីការដាក់ពង្រាយនេះទេ៕
ប្រែសម្រួល៖ស៊ុនលី
