ក្រុមលេខាធិការ គណៈកម្មាធិការព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) បន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញ ឱ្យមានការបញ្ឈប់អរិភាព រវាងប្រទេសទាំងពីរ
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមលេខាធិការគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC)បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញ ឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមាន ស្ថិរភាពឡើងវិញ រវាងប្រទេសទាំងពីរ ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។

នៅថ្ងៃទីពីរនេះ កិច្ចប្រជុំ បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕




