ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ៖ កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ ខណៈទាហានថៃ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញសំណេរមួយបង្ហាញពីជម្លោះកម្ពុជា-ថៃ ដែលបានអូសបន្លាយមកពេលនេះ មានរយៈពេល១៨ថ្ងៃថា ភាគីកម្ពុជាមិនអាចចាញ់ ហើយភាគីថៃ មិនអាចឈ្នះ ។

តាមរយៈសំណេរនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានរៀបរាប់ថា ២៣ថ្ងៃក្រោយមក, ២៣ថ្ងៃ ក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើង ក្នុងសង្គ្រាមរ៉ាំរ៉ៃ។

លោកក៏បានប្រៀបធៀប សង្គ្រាមឈ្លានពានកម្ពុជាពេលនេះ ទៅនឹងសង្គ្រាមកាលពីអតីតរបស់ថៃទៀតថា គឺជា«សង្គ្រាមលេណដ្ឋាន» ដូចចម្បាំងនៅ Verdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយ ត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព ក៏នាំគ្នារត់ចូលលេណដ្ឋានវិញ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។ ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជាបន្តពលី ។ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម , ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។

លោកអះអាងថា ដើម្បីលាក់បាំង បរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះ នៃយន្តហោះចម្បាំងF-16 ដែលទម្លាក់ គ្រាប់បែក ពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ ឮបែកមេឃនៃសមរភូមិ Verdun សម័យសង្គ្រាម លោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និងដើម្បីឃោសនា ប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់ គេកំពុងឈ្នះ ។ ដូច្នេះ ការពិតបាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា នៃរដ្ឋាភិបាលថៃ ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុ ស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយ របស់ពួកជ្រុលនិយមមួយក្តាប់តូច ។ ដោយលោកសង្កត់ធ្ងន់ផ្តាំទៅថា ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លាន ពានមកលើកម្ពុជាជាបន្ទាន់៕

To Top