ចិនជំរុញឱ្យអាមេរិក បញ្ឈប់សកម្មភាពបង្កើនភាពតាន តឹងប្រឆាំងនឹងប្រទេស វ៉េណេស៊ុយអេឡា
បរទេស ៖ ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរព តាមការអំពាវនាវ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពបង្កើន ភាពតានតឹង របស់ខ្លួនចំពោះប្រទេស វេណេស៊ុយអេឡា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកការទូតរបស់ចិន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីវេណេស៊ុយអេឡាថា “យើងអំពាវនាវឱ្យសហរដ្ឋអាមេរិក គោរពតាមការអំពាវនាវ របស់សហគមន៍អន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពពាក់ព័ន្ធ និងជៀសវាងការកើនឡើង នៃភាពតានតឹងបន្ថែមទៀត” ។
លោកបានបន្ថែមថា ទីក្រុងប៉េកាំងក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន រក្សាសុវត្ថិភាពនាវាចរណ៍របស់ប្រទេសក្នុងតំបន់ គោរពសិទ្ធិរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងធ្វើសកម្មភាពអនុវត្តច្បាប់ធម្មតា។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមប្រទេសវេណេស៊ុយអេឡា ជាមួយនឹងការភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមក ដោយទាមទារឱ្យទីក្រុង ការ៉ាកាស ប្រគល់មកវិញនូវអ្វី ដែលលោកបាន ពិពណ៌នាថា ជា “លួច” ប្រេង ដី និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍ទាំងនេះ ត្រូវបានធ្វើឡើងស្រប នឹងការសន្យាថា នឹងចាប់ផ្តើមការវាយប្រហារ ក្នុងពេលឆាប់ៗនេះ ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នៅលើដីដែលជាផ្នែក នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់៕
