ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបង្ហាញ ពីវឌ្ឍនភាព ជាក់ស្តែង ក្នុងការសាង សង់ នាវាមុជទឹកដើរ ដោយថាមពល នុយក្លេអ៊ែរ

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញ ពីវឌ្ឍនភាពជាក់ស្តែងក្នុងការសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងរូបថត ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញពីតួនាវាដែលបានបញ្ចប់ទាំងស្រុង ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសគូប្រជែង ដែលជំរុញឱ្យកូរ៉េខាងត្បូង ទទួលបានបច្ចេកវិទ្យានេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ របស់កូរ៉េខាងជើង បានផ្សាយថា លោក គីម បានទៅទស្សនាកន្លែងផលិតនាវា ដើម្បីពិនិត្យមើលការសាង សង់នូវអ្វីដែលកូរ៉េខាងជើងពិពណ៌នាថា ជានាវាមុជទឹកនុយក្លេអ៊ែរទម្ងន់ ៨.៧០០ តោន ដែលមេដឹកនាំរូបនេះ ធ្លាប់បានហៅថា ជាជំហាន ដ៏សំខាន់ក្នុងទំនើបកម្ម និងអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹក កូរ៉េខាងជើង ។ កូរ៉េខាងជើងបានចង្អុលបង្ហាញថា ខ្លួនមានគម្រោងបំពាក់អាវុធ នុយក្លេអ៊ែរលើនាវាមុជទឹក ដោយហៅវាថាជា “នាវាមុជទឹកមីស៊ីលដឹកនាំយុទ្ធសាស្ត្រ” ឬ “នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ”។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក គីម បានពណ៌នាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូងក្នុងការទទួល បាននាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ដែលត្រូវបានគាំទ្រ ប្រធានាធិបតីអាមេរិក Donald Trump ថា ជា “ទង្វើប្រមាថ” ដែលបំពានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងអធិបតេយ្យភាព ដែនសមុទ្ររបស់កូរ៉េខាងជើង។

លោកនិយាយថា ផែនការរបស់កូរ៉េខាងត្បូង គូសបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការធ្វើទំនើបកម្ម និងអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកកូរ៉េខាងជើង ហើយបានអះអាងថា ការបញ្ចប់ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់លោកនឹងក្លាយជាការផ្លាស់ប្តូរ “សម័យកាល” ក្នុងការពង្រឹងការរារាំងសង្គ្រាម នុយក្លេអ៊ែររបស់ខ្លួនប្រឆាំង នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងរបស់សត្រូវ៕

To Top