តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់មួយគ្រឿង ដែលដឹកប្រេងឥន្ធនៈ រត់ពន្ធចំនួន ៤ លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូង នៃប្រទេស និងបានឃុំខ្លួនសមាជិកនាវិក បរទេសចំនួន ១៦ នាក់។
យោងតាមលោក Abbas Gholamshahi មេបញ្ជាការតំបន់ នៃកងទ័ពជើងទឹក IRGC កប៉ាល់នេះត្រូវបានស្ទាក់ ចាប់ដោយកងកម្លាំង ជើងទឹក ខណៈពេលដែលវាកំពុងរៀបចំ ចាកចេញពីដែនទឹកអ៊ីរ៉ង់។
លោក Gholamshahi មិនបានកំណត់ អត្តសញ្ញាណទង់ជាតិ ម្ចាស់ ឬគោលដៅរបស់កប៉ាល់នោះទេ ហើយលោកក៏មិនបានបញ្ជាក់ថា ពេលណាដែលការរឹបអូស បានកើតឡើងនោះដែរ។
លោកបានលេីកឡេីងថា កប៉ាល់នេះ បានប្រមូលប្រេងឥន្ធនៈពីទូកតូចៗ ហើយមានបំណងផ្ទេរ ទំនិញទៅកប៉ាល់ធំៗ នៅខាងក្រៅដែនទឹកក្នុងតំបន់។
មេបញ្ជាការបានពិពណ៌នា អំពីបេសកកម្មនេះថាជា “ប្រតិបត្តិការរហ័ស និងម៉ឺងម៉ាត់” ដែលកំណត់គោលដៅ “ការរត់ពន្ធប្រេងឥន្ធនៈ ដែលបានរៀបចំ” ។
ក្រុមនាវិកត្រូវបានបញ្ជូន ទៅអាជ្ញាធរតុលាការ។ លោក Gholamshahi បានបន្ថែមថា ប្រេងឥន្ធនៈត្រូវបានរឹបអូស ហើយការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណ បណ្តាញរត់ពន្ធ ដែលពាក់ព័ន្ធ៕
