ព័ត៌មានជាតិ

សមាគមខ្មែរនៅកូរ៉េ ប្រកាសថ្កោលទោស យ៉ាងដាច់​អហង្ការ ចំពោះសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ សមាគមខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារ មកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។

តាមរយៈញត្តិថ្កោលទោសនេះ បានបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។

ប្រភពដដែលបន្តថា ភាគីថៃម្តង ហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ជាមួយគ្នានេះ សមាគមខ្មែរនៅកូរ៉េបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង សកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

បន្ថែមពីនេះ សមាគមខ្មែរនៅកូរ៉េក៏បានអំពាវនាវ ឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់ នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

To Top