ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ជំរុញឱ្យរោងចក្រសហគ្រាស ចាប់យកផលិតភាព ជាវប្បធម៌ស្នូល សម្រាប់អាជីវកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីនៃផលិតភាព ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និង កំណើនសេដ្ឋកិច្ច ពិសេសខណៈដែលតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាព កំពុងបន្តកើនឡើងខ្ពស់។

លោកបានលើកឡើងថា «ការអនុវត្តវិធីសាស្ត្រផលិតភាព «ស៥» មានគុណសម្បតិ្តមិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាពផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំឱ្យក្រុមហ៊ុន-សហគ្រាស បង្កើនប្រាក់ចំណេញ»

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុងការប្រែក្លាយការអនុវត្តវិធីសាស្ត្រនេះ ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អផលិតភាព។

លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងថា «ម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ទាំងនេះគឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ដែលរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ»៕

To Top